Wednesday, June 28, 2017




ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក្រឡាញ់ព្រមានចាត់ការនិងនឹងបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនជារកឃើញបុគ្គលប្រព្រឹត្តិអំពើស៊ីសំណូកលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
នេះបើតាមប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំឆមាសទី១ឆ្នាំ២០១៧និងទិសដៅបន្តក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់កាលពីថ្ងៃ
ទី២៦ខែមិថុនាឆ្នាំ២០១៧។ ឯកឧត្តមជា ចន្ទ័បរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រឡាញ់ខេត្តសៀមរាប បានដឹកនាំមន្ត្រីក្រុមការងារនៃអង្គភាពមន្ទីរពាក់ពន្ឋ័ក្នុងខេត្តរួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកនិងមេឃុំទាំង១០ក្នុងស្រុកក្រឡាញ់ ដើម្បីស្តាប់មតិយោបល់សំណូមពរនិងការលើកឡើងនូវបញ្ហាប្រឈមរបស់អាជ្ញាធរមូលដ្ឋានជាពិសេសដើម្បីត្រួតពិនិត្យលើការអនុវត្តន៍កម្មវិធីគោលនយោបាយនិងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលសម្រាប់គោលដៅស្រុកនេះថាតើការអនុវត្តកន្លងមកសម្រេចបានអ្វីខ្លះនិងនៅខ្វះខាតចំណុចអ្វីខ្លះត្រូវកែសម្រួលដែលត្រូវរួមគ្នាបំពេញបន្ថែម។កិច្ចប្រជុំបានស្តាប់របាយការណ៍របស់រដ្ឋបាលស្រុកក៍ដូចជាមេឃុំទាំង១០និងមន្ត្រីការិយាល័យស្រុកមួយចំនួនពាក់ពន្ឋ័ទៅនឹងសកម្មភាពការងារលើការបំរើសេវាសាធារណៈដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងលើកឡើងពីបញ្ហាប្រឈមពាក់ពន្ឋ័ទៅនឹងការអនុវត្តគំរោងរបស់ស្ថាប័ន អង្គភាពអនុវត្តន៍គម្រោងក្នុងមូលដ្ឋានលើហេដ្ឋារចនាសម្ពន្ឋ័មួយចំនួនដែលមិនទាន់ឆ្លើយតបបានទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។រដ្ឋបាលស្រុកនៅជួបនូវបញ្ហាមួយចំនួនដូចជាការអនុវត្តន៍អនុគំរោងប្រឡាយស្ពានស្រែងត្រពាំងអំពិលដែលប៉ះពាល់ខុះចំនួន៣មានឃុំចន្លាសដៃ ឃុំតាអាន ឃុំកំពុងថ្កូវ រហូតមកដល់ពេលនេះនៅមិនទាន់បានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋនៅឡើយទេ និងអនុគំរោងកំពង់ថ្កូវ មានឃុំកំពង់ថ្កូវ ក្រឡាញ់ ស្រណាលនិងឃុំចន្លាសដៃក៍នៅមិនទាន់ដោះស្រាយផលប៉ះពាល់ដែរ បញ្ហានេះបានលើកឡើងគ្រប់វេទិកាសាធារណៈ គ្រប់កិច្ចប្រជុំក្រុមប្រឹក្សាឃុំ ស្រុកផងដែរ។បញ្ហាអគ្គីសនីមិនទាន់មានភ្លើងប្រើគ្រប់ភូមិនៅឡើយ។ទឹកស្អាតក្នុងទីប្រជុំជនស្រុកក៍ជាបញ្ហាសំខាន់ដែរនិងបានពិភាក្សាសម្របសម្រួលអំពីតម្លៃការប្រើប្រាស់ទឹកចុះថ្លៃបាន១ម៉ែត្រគូប២៧០០រៀលចុះមកនៅ២៦០០រៀលដោយចាប់អនុវត្តន៍ពីខែឧសភាតទៅ តែនៅមិនទាន់បំពេញតាមសំណូមពររបស់ពួកគាត់នៅឡើយ  គំរោងជួសជុលផ្លូវលំនិងលុបជង្ហុកសំបុកមាន់ចូលទៅកាន់មូលដ្ឋានមួយចំនួន ក៍មានភាពយឺតយ៉ាវមិនទាន់ឆ្លើយតបបានទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងពេលកន្លងមក បណ្តាលឱ្យមានការថ្នាំងថ្នាក់ខ្លះៗជាហូរហែរ។មានប្រសាសន៍ក្នុងតួនាទីជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកនេះ​ឯកឧត្តមជា ចន្ទ័បរិបូណ៌​បានជំរុញដល់មន្ត្រីតាមបណ្តាការិយាល័យនិងមន្ត្រីមូលដ្ឋានពាក់ពន្ឋ័ទាំងអស់ត្រូវបន្តបំរើសេវាសាធារណៈដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដោយប្រកាន់ខ្ជាប់តែអំពើល្អនិងប្រុងប្រយត្ន័បើអនុវត្តតួនាទីភារកិច្ចបំរើសេវាជូនប្រជាពលរដ្ឋមិនបានល្អនិងបើលេចចេញនូវបាតុភាពស៊ីសំណូកសូកប៉ាន់លើការផ្តល់សេវាក៍ដូចជាការអនុវត្តការងារភារកិច្ចលើវិស័យរបស់ខ្លួនជាពិសេសវិស័យអប់រំ ភូមិបាល សុខាភិបាល​។ល។ជាដើម ឯកឧត្តមបានមានប្រសាសន៍ទុកជាការព្រមាន៖បើតាមដានដឹងច្បាស់ថាមានអំពើពុករលួយចេញពីវិស័យណាមួយឯកឧត្តមនឹងរុញសំណុំរឿងភ្លាមទៅអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការតាមនិតិវិធីច្បាប់។ព្រមទាំងបានមានប្រសាសន៍​ លើកទឹកចិត្តដល់មន្ត្រីទាំងអស់ សូមចងចាំថា ចំណុចល្អមិនសូវទទួលបានការសរសើរទេ តែបើភ្លាត់ឱ្យមានលេចចេញចំណុចមិនល្អនោះអ្វីៗដែលខំធ្វើកន្លងមកវាក្លាយទៅជាអសារឥតការ។ហេតុនេះ សូមប្រយត្ន័ជនឆ្លៀតឱកាសមកបំផ្លាញកិច្ចការងារយើង។គោលដៅបន្តរបស់យើងគឺការពារសមិទ្ឋិផលដែលបាននឹងកំពុងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដោយឈរលើពង្រឹងគោលជំហរសតិអារម្មណ៍ រក្សាសាមគ្គីផ្ទៃក្នុង​​ស្គាល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន និងរួមគ្នាទប់ស្កាត់នូវបាតុភាពអសកម្មដែលនាំឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង....មេឃុំនិងមន្ត្រីអនុវត្តទាំងអស់ធ្វើយ៉ាងណាពង្រឹងឱ្យកាន់តែមានប្រសិទ្ឋិភាពថែមទៀតលើការបំរើសេវាសាធារណៈដែលជាកញ្ចប់សេវាតំរូវការចាំចាប់របស់ប្រជាពលរដ្ឋ។
ដោយឡែក សម្រាប់ការខិតខំរបស់ក្រុមការងារថ្នាក់ជាតិចុះស្រុកក្រឡាញ់ បានជួយដោះស្រាយនិងសម្របសម្រួលតាមសំណូមពរដល់គ្រួសារសព លោក ខៀវ ហឿន ជាជនបាត់បង់សម្បទាវិជ្ជាជីវៈ មុនពេលស្លាប់គាត់ឈឺមិនអាចធ្វើដំណើរទៅបើកប្រាក់កើត មិនបានទទួលប្រាក់បេឡាជាតិសន្តិសុខសង្គមមន្ត្រីរាជការស៊ីវិលតាំងពីឆ្នាំ២០១៣។តាមរយៈការិយាល័យសង្គមកិច្ចស្រុកនិងការប្រឹងប្រែងដោះស្រាយពីប្រធានក្រុមការងារថ្នាក់ជាតិ ក៍បាននាំយកថវិកាពីមន្ត្រីក្រសួងសង្គមកិច្ចអតីតយុវនិតិសម្បទា ចំនួន៦សែន៥ម៉ឺន១រយរៀលគត់ ផ្តល់ជូនគ្រួសារគាត់មិនមានបាត់សូម្បីមួយរយឡើយ ដែលតួលេខច្បាស់លាស់នៃថវិកាគឺបានមកពីការផ្ទៀងផ្ទាត់ទិន្នន័យពីធនាគារ។ឯកឧត្តម ជា ចន្ទ័បរិបូណ៌បានអំពាវនាវបញ្ជាក់បន្ថែមផងដែរចំពោះប្រជាពលរដ្ឋនៅស្រុកក្រឡាញ់ បើករណីក្រុមគ្រួសារនៃសពអតីតមន្ត្រីរាជការស៊ីវិល ជួបករណីមានភាពយឹតយ៉ាវពុំទាន់បានទទួលថវិកា បេឡាជាតិសន្តិសុខសង្គមឬសំណុំឯកសារសេវាសាធារណៈដែលជាតម្រូវការចាំបាច់ត្រូវបានបង្កកឬមិនបានផ្តល់ជូនតាមការកំណត់ សូមទាក់ទងទៅមន្ត្រីរដ្ឋបាលស្រុក ឬទាក់ទងទៅកាន់ឯកឧត្តមផ្ទាល់ដែលមានលេខទូរសព្ទ័011559988។



No comments:

Post a Comment