ច្បាប់ល្បើកថ្មី
ពាក្យកាព្យរបស់ព្រះភិរម្យភាសា
អ៊ូហៅង៉ុយ
រៀបរៀង
អ្នកព្រះភីរម្យ ភាសាអ៊ូខ្ញុំ បង្គំនឹកគុណ ព្រះពុទ្ធព្រះធម៌ ព្រះសំឃជាមុន
គុណគាប់មហាធ្ងន់ មាតាបិតា ។
ឧប្បជ្ឈាយ៍ជាធំ កាលចាប់ដៃខ្ញុំ ឲ្យធម៌កេសា អនុសាវន ព្រះកម្មវាចា
គុណតួអក្ខរា
ទាំងសាមសិបបី ។
ខែត្រចេត្រឆ្នាំច
ចត្វាស័កក គគិកកាព្យថ្មី លើកច្បាប់ប្រដៅ កូនចៅប្រុសស្រី តូចក្ដីធំក្ដី
ចូរស្ដាប់គ្រប់គ្នា ។
ត្បិតមនុស្សឥឡូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា
អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ
អាងមាសអាងប្រាក់ ។
អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់ អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកអាងច្រវាក់
អាងម៉ាស៊ីនកាត់ករ ។
អាងសុទ្ធតែខុស កូន្នើយចាំចុះ អាងនោះមិនល្អ
អ្នកគិតឲ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណដំណ
តទៀតទៅមុខ ។
សាសនានៅឆ្ងាយ
លែងបានសប្បាយ មានតែកើតទុក្ខ កើតទាន់លោកីយ៍ ឮតែទំនុក ដំណែលអាពុក
ចូរចាំគ្រប់គ្នា ។
អ្នកជឿពាក្យចាស់
ជឿចាំឲ្យណាស់ កុំធ្វើបំពារ អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា មនុស្សចោរប៉ោបៀ
កុំយកខ្លួនបៀត ។
ឃើញឫកគេល្អ ទោះបីមានក្រ យកគេជាញាតិ គួររាប់អ្នកក្រៅ ផៅអ្នកឯទៀត រាប់រើសមារយាត
សុចរិតត្រឹមត្រូវ ។
រៀនបទរៀនបាទ កុំកោងហួសខ្នាត កុំភ្លាត់ហួសផ្លូវ កុំភ្លើនភ្លេចម៉ែ កុំប្រែហួសឪ ឃើញចាស់សក់ស្កូវ
កុំសូវមើលងាយ ។
បន្ទាន់អាត្មា ខ្លាចមេខ្លាចបា ខ្លាចតាខ្លាចយាយ បំរើមហាក្ស័ត្រ ប្រយ័ត្នស្ដេចទាយ ពាក្ស៍ពិតទំនាយ
រលាយកេរ្តិឈ្មោះ ។
ពាក្យស្ដេចពាក្យគ្រូ មានប្រៃមានជូរ កម្រពីរោះ ជួនទាយឲ្យទាប ជួនទាយឲ្យខ្ពស់ ទាយឲ្យសក្ដ៏យស
ទាយចុះកុំខឹង ។
បំរើមើលភេទ ចំណាំព្រះនេត្រ ហេតុខ្លួនឲ្យដឹង
ខ្លួនខ្ជិលហៃព្រឹល លោកមើលសំឡឹង សំឡក់ឲ្យប្រឹង
ខំប្រិតសូត្ររៀន ។
បំរើមើលពុត ប្រាជ្ញាឲ្យមុត ស្មារតីឲ្យមាន បើខ្លៅឲ្យប្រាជ្ញ បើខ្លាចឲ្យហ៊ាន ចង់បានឲ្យបៀន
កុំអៀនកុំខ្មាស ។
ពុតលោកជាធំ ច្រងោប៉ុនភ្នំ ឯងមើលមិនច្បាស់ បំរើលោកណា លោកនឹងជាម្ចាស់ លោកស្អប់អ្វីណាស់
ប្រាសចោលឲ្យឆ្ងាយ ។
កុំឈមឈរជិត កុំយកធ្វើមិត្រ ភ្លាត់ខ្លួនអន្តរាយ ប្រើប្រពន្ធកូន បងផ្អូនចៅហ្វាយ អាពុកឬម្ដាយ
ឱនកាយប្រដិបត្តិ។
អ្នកកុំមើលងាយ ឃើញគេរីករាយ ព្រួញខ្លួនប្រយ័ត្ន ត្រកូលញាតិផៅ កូនចៅមហាក្ស័ត្រ ស្មើថ្លើមប្រម៉ាត់
ប្រមាទមិនបាន ។
ទោះអ្នកដ៏ទៃ អ្នកព្រៀងអ្នកព្រៃ ដែលលោករាប់អាន កុំថាតែមនុស្ស ទោះសត្វតិរច្ឆាន ឯងស្អប់ប៉ុន្មាន
កុំហ៊ានប្រមាទ ។
របស់ឬទ្រព្យ ដែលជាសំអប់ កុំបាច់សំអាត ទ្រព្យណាសំឡាញ់ អស់អញឱហាត ចូរចៅសង្វាត
ជួយថែរក្សា ។
កុំជិះកុំជាន់ ស្មៅផ្ទីអាច់មាន់ ពាក្យចាស់ឧបមា
បូរាណហៅផ្ទី ពីរបីប្រការ កុំស៊ីត្រង់ណា
ជុះដាក់ត្រង់ណឹង ។
សាច់សារលោហិត កុំផ្ដួលផ្ដេកផ្ដិត ផ្ដួចទោសកើតប្ដឹង អាពុកផ្ដែផ្ដាំ ចូរចាំចេះថ្លឹង សាច់ថ្លើមសួតឆ្អឹង
នឹងស្បែកខាងក្រៅ ។
សាច់សួតក្នុងខ្លួន ទុកស្មើបងប្អូន ប្រពន្ធកូនចៅ
សសៃនឹងស្បែក ចែកជាញាតិផៅ ខ្ញុំស្រីខាងក្រៅ
ជាស្មៅអាច់មាន់ ។
ស្រីខ្ញុំកំដរ បើឃើញរូបល្អ កុំលលូកលាន់ កុំលួចលបលេង ក្រែងម្ចាស់គេទាន់ កុំភព់កុំភាន់
អាប់អន់អាត្មា ។
បើអ្នកមានយស មានសក្ដ៏ខ្ពង់ខ្ពស់ គាប់នឹងរាជការ ធ្វើធំធ្វើថី មន្ត្រីមានត្រា ព្រះហ្លួងឧកញ៉ា
សាលាកុង្សីយ ។
ចេះច្បាប់បារាំង កុំភ្លេចសច្ចំ កតញ្ញូខន្តី កុំឆ្មើងហួសមាត្រ ភ្លេចញាតិប្រុសស្រី ជំនុំកាត់ក្ដី
យកឧបេក្ខា ។
កុំកាន់សីហលោ កុំកាន់លោភោ ទោសោមោហា កុំជក់អាភៀន កុំឃ្លានផឹកស្រា កុំស្អប់ខាងណា
សច្ចាយកត្រង់ ។
លួងលោមពីសោត កុំឆបញ្ឆោត បញ្ចូលឲ្យបង់
ឲ្យបែកឲ្យបាត់ ពាក្យសត្យពាក្យសំឃ កូន្នើយផ្ចិតផ្ចង់
ដម្រង់ស្មារតី ។
កុំភ្លើនឃើញប្រាក់ កុំភ្លើភ្លាត់សក្ដ៏ ធ្លាក់ទៅអវិចី កាន់ធម៌ទសពិធ រិតឡើងរាសី គាប់ពីលោកីយ៍
ដល់បរលោកនាយ ។
អ្នកក្ដីជាភ្លើង កុំកាត់កាន់ជើង អ្នកម្ខាងមើលងាយ ចៅក្រមជាទឹក រំឭករំលាយ កុំជេរកុំវាយ
បង្ខំនាំខុស ។
ចោរខូចលួចប្លន់ រីចោរស្ម័គ្រស្មន់ តណ្ហាស្រីប្រុស កុំស្អប់ខាងណេះ បញ្ចេះខាងណោះ លួងលោមបញ្ចុះ
បញ្ចូលចិត្តក្ដី ។
កុំដុតឲ្យក្ដៅ បើឃើញគ្នាខ្លៅ ប្រាជ្ញាគ្នាខ្លី កុំឃ្លានប្រាក់ប្រុស បន្តុសខាងស្រី បើកាន់ច្បាប់ថ្មី
កុំចោលច្បាប់ចាស់ ។
កុំដៀលអ្នកស្រែ ត្រកូលឯងខ្មែរ កុំប្រែក្រឡះ ក្រឡេកឃើញគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់
កុំត្មះអ្នកក្រ ។
អ្នកកុំភ្លេចគុណ គ្រូលេខនព្វន្ត គ្រូសូត្រអក្សរ កុំចាប់ដៃទាញ កុំនាប់ងក់ក កុំជជែកត
ស្មើមិត្រសំឡាញ់ ។
រាស្ត្ររត់ចូលជ្រក កុំថាគេថោក សួរសាកទៅមក កុំអើឯងអញ ពាក្យពុំពីរោះ គេកើតមួខ្នាញ់
គេដៀលផ្ចាលផ្ចាញ់ អន្តរាយកេរ្ត៍ឈ្មោះ ។
កុំឆ្មើងអាងបុណ្យ ស្រដីឲ្យទន់ ពោលពាក្យពីរោះ ខ្លួនអ្នកនឹងថ្កើង នឹងឡើងសក្ដ៏យស កុំឆ្លៀតនាំឈ្លោះ
ញុះញង់អ្នកធំ ។
កុំស្អប់អ្នកតូច បើឃើញគ្នាខូច គួចគិតប្រមុំ ទោសគ្នាតិចតួច ផ្ដួចឡើងជាធំ ផ្សែងពូតជាដុំ
ផ្លុំឆេះជាភ្លើង ។
កុំភ្លើនភ្លេចខ្លួន ចេះសាសន៍ចិនយួន កុំចោលខ្មែរយើង កុំធ្វើក្រអឺត កុំពើតកុំពើង កុំពាក់ស្បែកជើង
ចូលវត្តលោកសំឃ ។
ដោះមួកដាក់ឆាត់ ឱនកាយប្រដិបត្តិ លំអុតឱនអង្គ
កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់ កាន់ច្បាប់ស្រុកហ្រ្វង្ស៍
កុំបង់សាសនា ។
កុំចង់ថ្កើងពេក កុំលើកដំណេក ហួសមេហួសបា តែងខ្លួនឲ្យល្មម មើលពូជពង្សា សង្ខេបនិត្ថិតា
រឿងផ្គាប់បុណ្យសក្ដ៏ ។
បើទៅជារាស្ត្រ ប្រាជ្ញាវៃឈ្លោះ គូវាសឆ្លកឆ្លាក់ ឲ្យឈ្លៀតរែកពុន បើធ្ងន់សុំដាក់ ខំរកមាសប្រាក់
ឲ្យគ្រាន់ទាន់ចាយ ។
រាជបារាំងសែស កូនកុំប្រហែះ កុំថ្នមរូបកាយ ដើរគិតដេកគិត ជួញជិតជួញឆ្ងាយ បើចង់សប្បាយ
ស្រេចនៅមានទ្រព្យ ។
រាជលួងពីមុន រកស៊ីរែកពុន មានក្រតាមភ័ព
រាជលោកឥឡូវ ត្រូវខំឲ្យញាប់ តែខ្ជិលច្រើនជាប់
ខ្នោះជើងខ្នោះដៃ ។
តាំងពីឆ្នាំច ចាំជាដំណាំ ទំនិញឡើងថ្លៃ ចងក្បិនឲ្យតឹង ប្រឹងកុំសំចៃ សញ្ជឹងយប់ថ្ងៃ
កុំឲ្យក្រខ្សត់ ។
បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ
ប្រាក់រត់តាមហៅ ។
កុំថ្នមកំឡាំង កាប់ជីកចូកចាំង កុំថារងាក្ដៅ
រៀនអ្វីឲ្យឆ្អិន កុំឲ្យខ្លោចឆៅ កុំដេកតែខ្លៅ
ក្រក្រៅសណ្ដាប់ ។
បើល្ងង់ឲ្យចេះ រករៀនដំរេះ រិះរកដម្រាប់
ឥន្រ្ទីយ៍ឆ្វេងស្ដាំ
កុំចាំគេប្រាប់ រៀនស្ដីរៀនស្ដាប់
រៀនមើលឲ្យស្ដែង ។
កើតមកជាមនុស្ស
ទាំងស្រីទាំងប្រុស មិនដែលចេះឯង
បើក្រឲ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង
កុំដេកតែក្រ ។
កុំប្លន់កុំលួច កុំខិលកុំខូច កុហកឆូវឆ
បោកប្រាសយកប្រាក់ ច្រវាក់ជាប់ក កាន់មារយាតល្អ
សុចរិតត្រឹមត្រូវ ។
កូន្នើយរកស៊ី កកាយធរណី ធ្វើស្រែធ្វើស្រូវ
កុំតាមអ្នកណា បាតាមតែឪ លើកភ្លឺជិតផ្លូវ
កុំស្រះបន៉្លា ។
គេដើរយប់ថ្ងៃ មុតជើងមុតដៃ ដឹងចៀសទៅណា
ជៀសចុះជាន់ស្រូវ ហើយជេផ្ដាស្សា កូនម្ដាយអាណា
ស្រះដើរមិនរួច ។
កុំយកគល់ឈើ ទៅដាក់ពីលើ ទោះធំទោះតូច
ជុំពុបជើងគេ គេថាឯងខូច
ជេរដៀលដល់ពូជ
ប្រដូចមេបា ។
លើកភ្លឺឲ្យធំ បង្ហាប់ឲ្យមាំ គាប់ភ្នែកទេវតា
ស្មើបានសង់ស្ពាន់ នឹងមានផលា
កើតសាធុការ
អាយុយឺនវែង ។
កូន្នើយអ្នកចាំ អ្នកកុំចងកម្ម មានពៀរច្រើនណាស់ ជាតិក្រោយខ្វាក់ខ្វិន
កខ្វេះកខ្វាស សូវចោលដីខ្លះ
មិនខាតប៉ុន្មាន ។
កុំខ្លាចតែក្រ ធ្វើឫកមិនល្អ ច្រើនកើតល្អោសថាន
ល្អែកល្អោកវាយវាត់ បាត់ញាតិសន្ដាន ឥតគេរាប់អាន
មានតែគេស្អប់ ។
កាន់ឫកឲ្យខ្ពស់ ឲ្យខ្ពើមពាក្យឈ្លោះ ទើបបានជាគាប់
យកឆោតដាក់ខ្លួន ច្រើនមានគេរាប់ បើខ្លួនឥតទ្រព្យ
កុំធ្លាប់ហ៊ានខ្ចី ។
គ្រប់ការសារពើ ចង្អេរកញ្ជើ
កន្តាំងតៅល្អី
រនាស់រទេះ គោសេះក្របី បើបានជាខ្ចី
ខ្ចីប្រាក់គេទិញ ។
យកមករកស៊ី ខែមួយខែពីរ សងប្រាក់គេវិញ
របស់បានយើងវិញ ជាជើងជួញចេញ ឯទ្រព្យនោះមិញ
ពេញជាទ្រព្យឯង ។
កុំខ្ចីគេប្រើ
តែមួយដំណើរ មិនយូរអង្វែង
ជួនជាបាក់បែក
ជជែកទាស់ទាស់ សងគេមិនលែង
ចាស់ផ្លាស់ជាថ្មី ។
កើតមកជាប្រុះ
គិតឲ្យសព្វសុះ កុំឲ្យសល់អ្វី
បួសរៀនធម៌អារ្ថ៍ សាស្ត្រាបាលី បរលោកលោកិយ៍
កុំបីចន្លោះ ។
សឹកមករកស៊ី កកាយធរណី ធ្វើជាគ្រហស្ថ
កុហកជឿបុល បំណុលរំកោះ ច្រើនគេដាក់ខ្នោះ
អស់ស្រែចំការ ។
ធ្វើរាស្ត្ររកស៊ី ចិញ្ចឹមគោញី ថែទាំព្យាបាល
ក្រហេតុពីខ្ចិល
មានដ្បិតឧស្សាហ៍ អ្នកមានប្រាជ្ញា
មិនស្មើគំនិត ។
កំណើតសំណាង សំណូមសូមសាង កកើតពីគិត
ពីកាលជាតិមុន
បុណ្យព្រេងអតីត កើតរូបគំនិត
ទើបកើតសំណាង ។
ឯមនុស្សសំណល់ ល្ងង់ល្ងើងឿងឆ្ងល់ ទាស់ទែងក្អេងក្អាង
១០ឆ្នាំនេះហើយ
ប្រកាន់ម៉្យាងៗ ខ្លះអួតសំណាង
ខ្លះអាងគំនិត ។
កូនចៅប្រុសស្រី រកប្រពន្ធប្ដី ឲ្យរកស្រុកជិត
បើរកស្រុកឆ្ងាយ ឲ្យម្ដាយពិនិត្យ ឲ្យត្រឹមត្រូវពិត
ពូជពង្សាវតារ ។
កូន្នើយអ្នកចាំ
កុំជឿខែឆ្នាំ កុំជឿដម្រា
ពាក្យក្បួនដម្រាយ កើតពីមនុស្សចារ ពីដូនពីតា
ចារតាមសំគាល់ ។
អ្នកជឿតែពូជ
អម្បូរធ្លាប់ខូច វាខូចរៀងរាល់
ពូជមានវាមាន
ពូជទាល់វាទាល់ កុសលអកុសល
យើងមើលមិនជាក់ ។
ប្រពន្ធនឹងប្ដី អាយុវែងខ្លី យើងមើលឃើញល្បាក់
កុំយកពូជល្បែង ពូជភ្លេងអារក្ខ បើម៉្ងៃបង់ប្រាក់
រកអាយុវែង ។
អម្បូរពង្សពូជ ត្រកូលធ្លាប់ខូច វាខូចមិនលែង
ពូជចោរស្រីៗ យកប្ដីចិត្តឯង មិនគិតកោតក្រែង
ខ្លាចចិត្តមេបា ។
កូនចៅស្រីៗ បើនឹងយកប្ដី ឲ្យមើលកិរិយា
មួយភ្លេងអារក្ខ មួយអ្នកបាណា មួយអ្នកផឹកស្រា
មួយអ្នកចង់ស្រី ។
មួយអ្នកក្រមាច់ លេងផោមលេងអាចម៍ អាយុច្រើនខ្លី
ប្រកាច់ដាច់លក្ខណ៍ ជាន់អារក្ខព្រៃ មួយគឺមន្ត្រី
ធ្វើក្រំជំទព្វ ។
ជំទយតែដើរ មេស្រុកគេប្រើ ទាំងថ្ងៃទាំងយប់
មានមួកខ្វះឆ័ត្រ កម្រមានគ្រប់ ១ទៀតកុំភព
ជួញ៥ប្រការ ។
ប្រាកដជាខុស លក់សត្វទាំងរស់ មិនចេះអនិច្ចា
សព្វសត្វអ្វីៗ បក្សាបក្សី
ព្រាត់មេព្រាត់បា
ទេវតាលោកលក់ ។
លោកីយ៍នេះខ្សត់
យមភូបាលគេកត់ នៅស្ថាននរក
មួយហួយអាប៉ោង ប៉ោបៀគ្រប់មុខ កូន្នើយចាំទុក
ក្រគ្រប់ប្រាមី្ប ។
ឯអ្នកទាំងអស់ រកស៊ីមះម៉េស ច្រើនជាងស្រីៗ
ប្រាជ្ញានោះវែង គំនិតនោះខ្លី ប្រពន្ធជេរស្ដី
អាងឈ្លោះបំពាន ។
នេះពូជអ្នកក្រ រស់ទាំងត្រដ ទាំងអត់ទាំងឃ្លាន
ធ្វើគុណនឹងគេ រកគេសងគ្មាន
ហេតុនេះកុំរៀន
ទាំងប្រាម្បីផ្លូវ ។
យ៉ាងអ្នកនេសាទ មិនដែលសង្វាត ធ្វើស្រែធ្វើស្រូវ
ប្រព្រឹត្តសាងកម្ម ប្រចាំរដូវ វង្វេងខុសត្រូវ
ព្យាយាមសម្លាប់ ។
អន្ទាក់ជង់កុក អង្រុតឈ្នាងឆ្នុក គ្រប់គ្រឿងប្រដាប់
ថ្លុកបៀត្រពាំង ទប់បាំងបាចចាប់
ចោលស្រូវកណ្ដាប់
កណ្ឌៀកាត់អស់ ។
កំពប់ខ្ចាត់ខ្ចាយ
ខូចខាតអន្តរាយ មិនស្ដាយស្រណោះ
យប់ល្វល់ប្របក់
ចង់បានត្រីរស់ ខែភ្លឺល្វល់ឆ្លុះ
ដើរដេញសំពោច ។
វក់តែសប្បាយ ដើរដេញទន្សាយ ដើរចងសន្ទូច
អំពើអស់នោះ ច្រើនខ្វះស្រូវពូជ ធ្វើបានតិចតួច
អាងជឿគេស៊ី ។
កូន្នើយបំណុល ចងការជឿបុល មួយឡើងជាពីរ
អ្នកភ្លេងអារក្ខ ច្រើនទិមគោញី ធ្វើស្រែមួយពីរ
ធ្វើសោះតែខាន ។
ថ្ងៃដេកក្រភ្ញាក់ យប់លៀងអាក្ខ ឈឺឆ្អាលសន្ដាន
គេស្ដីគេពឹង នឹងឈប់ពុំបាន គេរករាប់អាន
កាលមានធូរៈ ។
ផ្លុមប៉ីកូតទ្រ ស្រែកជ្រៀងវាយស្គរ មិនបានលុយកាក់
ឯងពឹងគេវិញ គេគ្មានជំពាក់ ពឹងបានម្នាក់ៗ
ដោយសារឲ្យថ្លៃ ។
ឡើងត្នោតភ្ជួរស្រែ កម្រទាន់គេ ត្បិតដេកដល់ថ្ងៃ
ច្រូតកាត់ចង់ឆាប់ ជួលគេពេញថ្លៃ
ចំណេះចង្រៃ
នាំខាតធ្វើការ ។
ឯខ្មោចអារក្ខ ស្លាប់១០រស់ម្នាក់ ថ្វាយចេកថ្វាយស្រា
សំពះនឹកគុណ ខ្មោចប្រែតដូនតា មិនដែលអ្នកណា
នឹកគុណអ្នកភ្លេង ។
ឯអ្នកប្រមឹក ប្រមូលកនផឹក ធ្វើភឿននឹងក្មេង
សំដីច្រើនតឹង ស្រវឹងវង្វេង ជុំហអួតក្អេងក្អាង
មិនចេះក្រខ្សត់។
អួតទាំងបំពាន
ផឹកម៉្ងៃលុយមាន ផឹកម៉្ងៃលុយអត់
ឯងចេះតែកិន ចិនចេះតែកត់ ផឹកដល់កំណត់
យកស្រែបញ្ចាំ ។
សល់ថ្នាលមួយពីរ
វាយគោស្ងោស៊ី មិនគិតខ្លាចកម្ម
ផឹកជ្រុលហួសល្បត់ អត់បាយរាល់ឆ្នាំ អស់ស្រែបញ្ចាំ
បញ្ចាំកូនទៀត
។
កំណើតផឹកស្រា ផឹកផុតមេត្តា ផឹកជ្រុលហួសមាត
អ្នកមួយផឹកស្ទើរ
ល្ងីល្ងើចេះឆ្លៀត ម៉្យាងផឹកផុតម្យាត
ច្រើននៅខ្ញុំចិន ។
រែកទឹកពុះឱះ វាទុញវាតុះ ចាក់ម្ភែវផឹកសិន
ស៊ូរែកខំរត់
សំពត់ខើចក្បិន ទំរាំបាយឆ្អិន
ចិនដួសហៅស៊ី ។
ឆ្ងាញ់តែម្នាក់ឯង ឆ្អែតហើយខំស្វែង ខំលើកខំលី
ដងទឹកស្រោចគ្រប់ ស្រោចខ្ទិមម្ទេះជីរ ខ្ញុំចិនម្ង៉ៃពីរ
វិលទៅរវាំងផ្ទះ ។
ឯអ្នកចង់ស្រី ប្រពន្ធពីរបី ថាឯងអ្នកណាស់
គន់ឯសំពត់ តែមួយបន្លាស់ ពាក់អាវបំណាស់
កម្រមានថ្មី ។
ផ្ទះលេចវាលហ្វឹង ជញ្ជាំងចងហឹង ស្លាធ័របាយសី
ខួចប្រេងក្រមួន
ម្លូស្លាបារី កំឡោះពីរបី
ចោមរោមរៀនស្នេហ៍ ។
រៀនស្នាលរៀនស្និទ្ធ កើតក្ដីពីក្ដិត
ព្រួយចិត្តម៉ែឪ
កូន្នើយប្រពន្ធ
អាងមន្តពូកែ ត្រូវគុក១០ខែ
អស់ស្រែត្រពាំង ។
ធម្មតាប្រពន្ធ បានដោយសីលមន្ត ដោយស្ងាត់កំបាំង
រកស៊ីលៀនភ្នែក បានវែកខ្វះឆ្នាំង បានល្អីកន្តាំង
នៅខ្វះចង្អេរ ។
បាននេះខ្វះនោះ ក្រហេតុពីព្រោះ អាពុកម្ដាយជេរ
បើចូលជំនុំ មិនរម្យដូចគេ អង្គុយវៀះវេរ
មិនហានហាលមុខ ។
នេះពុតអ្នកក្រ
ចាំជាដំណ តជាទំនុក
ប្រយ័ត្នដំនៀល គេដៀលអាពុក កូន្នើយចាំទុក
ចាំតកូនចៅ ។
រក្សាពូជពង្ស បើខ្លួនល្ងិតល្ងង់ ស្ដាប់ចាស់ប្រដៅ
កុំស្អប់អ្នកប្រាជ្ញ កុំខ្លាចអ្នកខ្លៅ បើមនុស្សឆោតឆៅ
កូនឯងកុំភប់ ។
កុំភ័យខ្លាចអត់ មើលឲ្យប្រាកដ គួរយកគួរឈប់
គួរឈានគួរឈាង តោងមើលឲ្យគ្រប់ កុំចេះតែងប់
មិនស្ដាប់ឪម៉ែ ។
រកប្ដីប្រពន្ធ ឲ្យគិតឲ្យគន់ ឲ្យមើលថួនថែ
ត្រកូលក្រខ្សត់ ប្រាកដតាមខ្សែ បីដូចផ្លែឈើ
មិនដែលចេះក្លាយ ។
ជូរផ្អែមធំតូច ដើមក្រូចផ្លែក្រូច ដើមស្វាយផ្លែស្វាយ
ពូជស្រីចោរក្បត់ មិនអត់សហាយ ពូជស្រីមេម៉ាយ
ពីម្ដាយដល់កូន ។
រើសពូជមិនខុស ពូជសាំងនឹងប្រុស ទាំងអស់បងប្អូន
ពូជសែនមេបា ពីតាដល់ដូន
ពូជល្អសុទ្ធសូន្យ
ពីដូនដល់ចៅ ។
រករូបមិនក្រ អាក្រក់ហើយស មារយាទល្អហើយខ្មៅ
ស្រីក្មេងមានខ្មាស ចាស់ចង់ប្រដៅ
ប្រដូចតាមផៅ
មិនសូវខុសខាន ។
ពាក្យចាស់លោកថា ធ្វើស្រែចំការ ស្ដាប់មហាសង្រ្កាន្ត
ធ្វើម្ដងខុសខាត ធ្វើម្ដងទៀតបាន
ធ្វើតាមប្រមាណ
ប្រមើលទឹកភ្លៀង ។
រកប្ដីប្រពន្ធ ឲ្យគយឲ្យគន់ រើសរករូបរាង
ពូជថ្លៃល្មមយក ពូជថោកល្មមវាង រូបល្អឫកល្អៀង
នាងកុំប្រសប់ ។
ជាតិស្រីនឹងប្រុស បើបានជាខុស ខុសទាល់ចាស់ស្លាប់
បើបានរូបល្អ កម្រមានភ័ព មានខុសមិនគាប់
ដូចស្រែចំការ ។
មួយទៀតអ្នកចាំ អាពុកចំណាំ ទុកជាដំរា
កុំយកដំរាប់ កុំស្ដាប់អាចារ្យ
បើនឹងរៀបការ
កុំការប្រធួន ។
ប្រជែងពីលា ឮស្គរឆ្លើយគ្នា ប្រទប់ប្រទួន
ស្រុកជិតភូមិផង របងដោយខ្លួន អាចារ្យអាងក្បួន
ថាសុខសប្បាយ ។
កូន្នើយអ្នកចាំ យូរណាស់
៤ឆ្នាំ ព្រាត់ប្រាស់អន្តរាយ
ច្រើនស្លាប់៣នាក់ រស់ម្នាក់ម៉េម៉ាយ កូនឃើញតែម្ដាយ
មិនឃើញអាពុក ។
មានកាលស្លាប់ស្រី ស្លាប់ចោលកូនខ្ចី ប្ដីនៅរងទុក្ខ
យកប្រពន្ធទៀត
កម្រពេញមុខ កូននឹងអាពុក
បែកគ្នាខ្ចាត់ខ្ចាយ ។
កូនចៅស្រីៗ បើនឹងយកប្ដី កុំយកពោះម៉ាយ
សូវនៅម្នាក់ឯង បន្លែងនឹងម្ដាយ
អាណិតរូបកាយ
ស្ដាយខ្លួនក្រមុំ ។
ហៅប្រុសអាភ័ព ប្រពន្ធដើមស្លាប់
មានកូនតូចធំ
យកឯងជាចុង បំរុងតែយុំ ច្រើនឈ្លោះជុំនុំ
ព្រួយចិត្តឪម៉ែ ។
ហៅប្រុសចិត្តពីរ ពិបាករកស៊ី រញាំរញូវ
ឯងនឿយស្ទើរស្លាប់ ផ្គាប់ចិត្តមិនត្រូវ បីបួនរដូវ
ខ្លួនឯងស្លាប់ទៀត ។
ចង្រៃខាងប្រុស កូន្នើយចាំទុក កុំយកខ្លួនបៀត
ស្រីណាខំយក ស្រីនោះបង់មារយាទ
ប្រុសព្រួយខ្ចប់ធាតុ
ខ្ចប់គ្រប់ជាបី ។
យកទៀតជាបួន គ្រោះដល់ខ្លួនស្លាប់ មេម៉ាយខាងស្រី
ប្រាកដមិនខុស ប្រុសក្នុងលោកីយ៍ ស៊ូនៅអត់ប្ដី
ស្លាប់រស់រូប១ ។
បើខ្លួនកំព្រា រំពឹងមីងមា រកស៊ីមិនព្រួយ
កាន់ម្យាតឲ្យល្អ មិនក្រគេជួយ បងប្អូនកូនក្មួយ
រត់ចូលឲ្យប្រើ ។
ពោះម៉ាយមានបី កុំយកធ្វើប្ដី មិនគាប់ប្រសើរ
អាមួយស្រីលែង
ស្រីគេគ្រាន់បើ ពោះម៉ាយខ្លាយដើរ
អាងលែងប្រពន្ធ ។
ពោះម៉ាយទាំងអស់
កុំយកឲ្យសោះ ហៅប្រុសទូរជន
ទូរជាតិអប្រីយ ស្រីកើតទុក្ខធ្ងន់ ហៅមួយជុំនន់
ចំណាំមិនខុស ។
កុំឡោះចាស់យូរ ចាស់ទំគេផ្គូរ ល្មមព្រមយកចុះ
រកស៊ីមានបាន សុខសាន្តឥតឈ្លោះ ចំរើនរូបរស
អាយុយឺនយូរ ។
កុំយកប្ដីផ្អូន ថោករាសីខ្លួន រកស៊ីមិនធូ
គេហៅឯងធំ សំហៅគេពូ ច្រើនខ្ជិលមូទូ
ម៉េះម៉ស់នឹងល្បែង ។
វាច្រើនមើលងាយ ហៅស្ដីនិយាយ ហៅហងហៅឯង
ខ្លួនយើងជាស្រី ស្រដីឥតក្រែង
យល់គេផ្អូនឯង
ឯងមើលងាយជេរ ។
ពាក្យចាស់លោកចង ប្ដីទុកស្មើបង ប្រពន្ធស្មើម៉ែ
មើលងាយរាល់ថ្ងៃ ចង្រៃរាល់ខែ រកស៊ីធ្វើស្រែ
ច្រើនខាតគ្រាប់ស្រូវ ។
គួរយកប្ដីបង ពាក្យចាស់លោកចង ទុកប្ដីស្មើឪ
ខ្លួនឯងប្រមាទ ប្រតិបត្តិឲ្យត្រូវ រាសីគង់នៅ
ទេព្រាក់រក្សា ។
ប្រពន្ធនឹងប្ដី ធំស្រេចនឹងស្រី គត់គង់កិរិយា
ឈ្លោះឆ្លើយច្រើនខ្សត់
ស្រីអត់លក្ខណា ប្ដីខ្ជិលឧស្សាហ៍
ព្រោះឫកប្រពន្ធ ។
ជាតិស្រីមានលក្ខណ៍ ទេវតាពុំអ្នក កបកើតទ្រព្យធន
ប្រទេចជេរវាយ ចង្រៃទូរជន ជួជាតិលើសលន់
លើសលប់លើប្រុសៗ ។
ហៅកាលកិណី វាយកូនជេរស្ដី មិនដឹងត្រូវខុស
បើមានភ្ញៀវមក រិតរករឿងឈ្លោះ
អាសោចសាយសុះ
រង្គោះធនធាន។
រកស្រីមារយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ ចេះទ្រាំអត់ឃ្លាន
ចេះស្លូតចេះកាច ចេះខ្លាចចេះហាន ចេះខ្មាសចេះអៀន
កាចមានប្រាជ្ញា ។
កូនចៅប្រុសស្រី ចំណាំទុកចុះ ទុកជាដម្រា
គួរយកដំរាប់ គួរស្ដាប់ពុទ្ធដីកា ព្រះអង្គទេសនា
គាថាបួនបទ ។
រៀនត្រាប់អ្នកប្រាជ្ញ បើចង់ឈ្នះកាច យកស្លូតសង្កត់
ចង់ឈ្នះមនុស្សខឹង ឲ្យប្រឹងខំអត់ វាជេរវាហត់
វាស្បថលែងខឹង ។
ចង់ឈ្នះអាសុរស
ស្ដីលេងឡេះឡស់ កុំធ្វើជាដឹង
យើងស្ដីត្រង់ណា ឲ្យចំត្រង់ណឹង ឃើញរកយើងរឹង
ខ្លាចយើងខាងក្រោយ ។
ចង់ឈ្នះកំណាញ់ ក្រដេក្រដាញ់ សុំអ្វីមិនឲ្យ
បើបានចំណី ហុចវាញយ ៗ តិចដោយច្រើនដោយ
ក្នុងតែវាដឹង ។
នេះមន្តព្រះពុទ្ធ ប្រាជ្ញាឲ្យមុត ឲ្យគិតថ្លែងថ្លឹង
កុំកាចខុសខ្នាត កើតខាតដ្បិតខឹង កូន្នើយខំប្រឹង
កាន់ច្បាប់ទាំង៤ ។
កុំជួញរវល់ តុំតបតទល់ កើតទាស់គុំគួន
កូនណាកាន់បាន កូននោះសុខខ្លួន ទោសទាស់លែងចួន
លែងចួបមួយជាតិ ។
បើមនុស្សរែកទូល មកនៅចំណូល ញ៉េះញ៉ស់ធ្វើញាតិ
ឲ្យមើលលៃលក កុំយកខ្លួនបៀត វាទូលទៅទៀត
អាសាឥតការ ។
ចំណីចំណុក បើឲ្យស៊ីចុក ឲ្យដោយមេត្តា
កុំឲ្យជឿខ្ចី ក្រែងខុសសន្យា កើតទាស់កាលណា
រើរែករត់បាត់ ។
មនុស្សគ្មានកន្លែង
ខុសពីមារយាទឯង មិនប្រុងប្រយ័ត្ន
តាមទាន់តឹងទា
វាខឹងក្ដៅក្ដាត់ គុំគួនដោយស្ងាត់
បំភ្លាត់ឯងបាន ។
ហេតុនេះគួរគិត
គួរកូនពិនិត្យ ច្បាស់សុំរាប់អាន
គួរឲ្យសុំឲ្យ
គួរខានឲ្យខាន ដ្បិតពាក្យបុរាណ
មានពីរចំណែក ។
ចងទុកជាក្បួន
ចិត្តល្អក្រខ្លួន នេះពាក្យមួយប៉ែក
មួយទៀតចិត្តល្អ មិនក្រយូរពេក ឆ្នាំនេះឆ្នាំភ្នែក ក្នុងតែនឹងមាន
។
ចិត្តល្អក្រខ្លួន
ចាំទុកជាក្បួន ជាក្បាលនិទាន
ឃើញអ្នកទូរគត កំសត់អត់ឃ្លាន មិនស្គាល់ពោះវៀន
ហ៊ានឲ្យជឿខ្ចី ។
ទៅទាមិនឲ្យ តឹងតឿនញយ ៗ ខឹងប្ដឹងកើតក្ដី
ខាតទាំងទ្រព្យ អស់ទាំងទ្រព្យថ្មី ស្គមគោក្របី រវល់ក្ដីខានថែ
។
ចិត្តល្អមួយទៀត មេត្រីជាញាតិ សំដីខ្ចីស្រែ
បានស្រូវស៊ីស្កប់
ត្រឡប់កាចកែ រំលងឆ្នាំខែ
ដកហូតមិនបាន ។
ឯងប្ដឹងវាត ក្ដីទាល់តែក្រ អស់ឆ្នាំងអស់ចាន
របស់ក៏ខាត របរក៏ខាន ដឹងអស់ប៉ុន្មាន
ទំរាំចាញ់ឈ្នះ ។
ទ្រព្យធនអ្វី
ៗ ចងកាជឿខ្ចី មើលមុខឲ្យច្បាស់
កុំចោលច្បាប់ខ្មែរ កុំភ្លេចច្បាប់ព្រះ តាមតែប្រទះ
ប្រទាញសងខាង ។
ចាំចិត្តកណ្ដាល បើនឹងឈឺឆ្អាល
សប្បុរសមើលយ៉ាង
រៀនសូត្ររៀនប្រាជ្ញ កាចកុំក្អេងក្អាង ក្រែងគ្រោះសំណាង
ខ្មោចខាងវាស្អប់ ។
ល្អក្រមិនយូរ ស្វែងរៀនរកគ្រូ ស៊ូរកុំស្ដាយទ្រព្យ
គ្រូវាយកុំខឹង ឲ្យប្រឹងខំផ្គាប់ ចេះមន្តសាយសព្វ
ត្រឡប់ជាមាន ។
ធម្មតាអ្នកចេះ អ្នកស្វែងចំណេះ ចេះដ្បិតខំរៀន
ឆ្លាក់គូរក្បូរក្បាច់ សាច់សីលរបៀន អ្នកខ្សត់អត់ឃ្លាន
ព្រោះចិត្តអាក្រក់ ។
ខូចខិលល្ងង់ខ្លៅ
គ្រូជេរប្រដៅ ខឹងលបសំឡក់
ល្បេញល្បុញវៀចវ ភូតភកុហក់ ស៊ូរប្លន់លួចឆក់
មិនខំធ្វើស្រែ ។
អ្នកប្លន់អ្នកលួច ឆក់បានតិចតួច បានគ្រាន់បើដែរ
ដល់គេឃើញមុខ ត្រូវគុកច្រើនខែ
អាក្រក់ដល់ម៉ែ
ខូចកេរ្តិ៍ដល់ឪ ។
ចង់ខ្ពស់បានទាប ចចើងចង់លាភ រែងបាត់ធនទៅ
ពាក្យពីបូរាណ
លោកអានដំរូវ ឫកមនុស្សឥឡូវ
ត្រូវតាមដំរាយ ។
អ្នកលួចអ្នកប្លន់ ចង់បានប្រពន្ធ ចេញជួញស្រុកឆ្ងាយ
ទិញងារមេស្រុក សូកធ្វើចៅហ្វាយ ចង់ថ្កើងសប្បាយ
ចាយប្រាក់រាជការ ។
ឆបង់បំបាត់ លួចចាយដោយស្ងាត់ អាងមានប្រាជ្ញា
ក្រឡេចថ្នាំងដៃ ក្រឡៃបោះត្រា ទាស់ភ្នែកទេវតា
រក្សាផែនដី ។
១ទៀតទូរជន ធ្វើបាបបានបុណ្យ គឺបុណ្យមន្រ្តី
ទោសទៅចាប់ចង
កាប់ឥតប្រណី បានបុណ្យមន្រ្តី
ព្រោះបុណ្យធ្វើបាប ។
អំពើទាំងអស់ កុំសាងឲ្យសោះ ជៀសវាងដរាប
កាន់សីលព្រះពុទ្ធ ឱនលុតក្រាប បើក្រដុនដាប
មានទេវតាជួយ ។
កូន្នើយទេវតា ស្ថិតសព្វព្រឹក្សា រងោករងួយ
មនុស្សទ្រុស្តឫស្សា ឯណានីមួយ ទេវតាពុំជួយ
ចំណាំស្គាល់មុខ ។
មិនដែលកំបាំង រាជការបារាំង គេចាប់ដាក់គុក
ដល់ខ្លួនស្លាប់ទៅ នៅរងសោយទុក្ខ សោយទោសនរក
ទាំងពីរកន្លែង ។
នរកបារាំង មានខ្សោយមានខ្លាំង មានខ្លីមានវែង
នរកយមភូបាល គេផ្ចាលឥតក្រែង ព្រះអង្គសម្ដែង
ថាលានកោដិឆ្នាំ ។
ហេតុនេះគួរវាង គួរចាលគួររាង គួរចងគួរចាំ
គួរកុំធ្វើបាប ដរាបខ្លាចកម្ម គួរកាន់សីល៥
បណ្ដាំសាសនា ។
ហៃកូនចៅអើយ ក្រឡាប់អស់ហើយ មិនដូចដូនតា
ផ្លៀងជន់ខែប្រាំង រាំងខែវស្សា ឆ្នាំវករកា
ត្រីស័កនេះឯង ។
រនោចផល្គុណ រកាពីមុន ឯកស័កជាក់ស្ដែង
ក្នុងខ្នើតផល្គុណ
ជន់គ្រប់កន្លែង ទាំងគេទាំងឯង
ធ្វើស្រែបានផល ។
ឆ្នាំរោងឆស័ក វិសាខផ្លៀងធ្លាក់
ពីររោចសំគាល់
យប់ថ្ងៃអាទិត្យ
ងងិតព្យុះខ្យល់ ផ្លៀងជន់ពេញថ្នល់
ពេញវាលតូចធំ ។
ពេញអូរពេញជ្រោះ ដើមឈើទាបខ្ពស់ រលុះរលំ
ឫស្សីស្រុកយើង
រលីងទាំងគម្ព ទើបគ្រាប់វាផ្ដុំ
ផ្ដួចដុសជាថ្មី ។
ឆ្នាំចកោរជូត រាំងរីងរហូត គ្រប់ឆ្នាំទាំងបី
កើតទាំងជម្ងឺ ស្លាប់មនុស្សប្រុសស្រី
ខាលថោះអស់ភ័យ
ធ្វើស្រែស្រូវបាន ។
ផ្លៀងឆ្នាំម្សាញ់ រលីងក្បាលក្រាញ់ ត្រូវតាមបូរាណ
កត្តិកជន់វាល វាលសព្វស្មសាន អ្នកស្ទឹងប៉ុន្មាន
រលួយស្រូវអស់ ។
ដាច់ថ្នល់ខានដើរ រាជការគេប្រើ
ទាំងចាស់កំឡោះ
មមែរងកម្ម បញ្ចាំកេរ្តិ៍កោះ គ្មានអ្វីស៊ីសោះ
ដាច់ពោះក្សិណក្ស័យ ។
ខែចេត្រឆ្នាំវក ស្រឡះពពក កើតមានសម័យ
ជាហេតុអស្ចារ្យ សុរិយាល្ងាចថ្ងៃ ឧទ្ទបាទចង្រៃ
ឃើញសត្វអ្វីហោះ ។
ពីជើងទៅត្បូង ចាស់ក្មេងមើលច្រូង បានឃើញទាំងអស់
មើលមិនស្គាល់ជាក់ ធ្លាក់ចំចន្លោះ បាត់ឈឹងសូន្យសោះ
មិនដឹងទៅឯណា ។
កាលមុននោះមក ខែបុស្សឆ្នាំវក លែងមានអាជ្ញា
មានតែមេស្រុក វាស់បែងក្រឡា ដីមួយហិកតា
ត្រូវ៤០ថាំង។
រង្វាន់មេស្រុក ត្រូវហូត
១ទុក ១០ជូនបារាំង
ទៅដល់ប៊ុយរូ បង្ហូរដាក់ឃ្លាំង
ពូជពីរកន្តាំង
ក៏ជាប់ពន្ធដែរ ។
គ្មានធូរគ្មានតឹង កូន្នើយខំប្រឹង ជាតិឯងជាខ្មែរ
ក្មេងប្រុសជំទង់
នៅក្នុងឪម៉ែ រាជការប្រិតប្រែ
ថាឲ្យបង់ប្រាក់ ។
កូនចៅប្រុសស្រី កើតមកលើដី ខំរកលុយកាក់
បានហើយប្រឹងខំ ផ្សំគ្នាទុកដាក់ គ្រាន់ទិញស្លៀកពាក់
បង់ថ្លៃរាជការ ។
ភទ្របុទឆ្នាំច
ចាប់គោខ្មៅស ដុតដែកបោះត្រា
ដល់កុរជូតឆ្លូវ ដំរូវយ៉ាងណា នឹងកើតអស្ចារ្យ
រហូតរាល់ឆ្នាំ ។
នគរថ្កើងប្លែក
សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម
កូនប្រុសបណ្ដេច កុំភ្លេចបណ្ដាំ ក្របាសសូត្រថ្នាំ
ត្រីម៉ាំលែងថោក ។
ដូងស្លាអំពៅ អំបិលស្កស្រូវ មានទៅមានមក
មានចុះមានឡើង រាស្ត្រយើងល្មមរក ល្មមរេលៃលក
គួរយកគួរខាន ។
ក្របាសនឹងថ្នាំ គួរដាស់ដីដាំ ធ្វើដៃឯងបាន
កុំអាងខ្ជិលពេក កុំដេកឈប់ខាន កុំចោលបូរាណ
ម៉ែឪដូនតា ។
ដីគេគរគោក កុំអាងខ្ជិលជោក ទៅឈ្ងោកចិនផ្សា
កូនចៅស្រី ៗ ខំរៀនធ្វើការ បើគ្មានប្រាជ្ញា
មានមាត់ចេះស្ដី ។
ឲ្យសួរចាស់ៗ រៀនបោះក្របាស ថ្ពេចមូរសំឡី
រៀនកូតរៀនការ ត្រសាត់ពាត់ល្វៃ ហូលគោមគាតក្ដី
កុំបីចន្លោះ ។
រៀនថ្កររៀនត្បាញ ឲ្យចាស់បង្ហាញ បង្ហាត់ទាំងអស់
សម្ពត់បែបងាយ
លាយសូត្រអំបស់ កុំទិញគេសោះ
ឈ្មោះការជាស្រី ។
ទិញដូរតែលាក់ អញ្ជុលចេសប៉ាក់
ព្រហូតជាបី
ធ្មេញឈើឈ្នាន់ផ្សំ ក្ដារមូរក្ដារកី ត្រល់ខ្នារឫស្សី
មុខប្ដីជាប្រុស ។
តាំងពីឆ្នាំច ការអ្វីក្រៗ ខំរៀនទៅចុះ
ទាន់មានចាស់នៅ ស្គាល់ត្រូវស្គាល់ខុស ចាស់ស្លាប់រលោះ
គ្មានមនុស្សចេះដឹង ។
រកស៊ីឲ្យញឹក
ដេកឆាប់រលឹក រិតក្បិនឲ្យតឹង
បើភ្ញាក់កាលណា កាន់ការកាលនឹង កូន្នើយខំប្រឹង
ទាំងប្រុសទាំងស្រី ។
រមៀតខ្ជាយស្លឹកគ្រៃ ជីរម្ទេះខ្ទឹមខ្ញី មានដីដាំដុស
ដាំដើមអ្វីៗ ចំណីគ្រប់ឈ្មោះ
គ្រឿងស៊ីឆ្អែតពោះ
ជុះចោលទទេ ។
ជុះទិសខាងជើង ជុះដាក់ដីយើង កុំជុះដីគេ
កុំជុះដាក់ផ្លូវ ត្រូវមាត់ក្មេងជេរ
ដីសល់ទំនេរ
ល្មមល្មាត់ជុះទៅ ។
សក់ ១ជាដប់ ច្រៀតគិតឲ្យសព្វ កុំឲ្យសល់នៅ
បើប្រាជ្ញារាក់ ចាក់ចិត្តឲ្យជ្រៅ ដាំចេកអំពៅ
ដូរស្រូវអង្ករ ។
កើតមកជាមនុស្ស ១
ព្រួយចង់រស់ ១ ព្រួយចង់ល្អ
ពីរនេះជាធំ វានាំឲ្យក្រ ចាំជាដំណ
តជាទំនុក ។
មនុស្សមារយាទមិនប៉ិន កូននៅខ្ញុំចិន ព្រោះម្ដាយអាពុក
ធ្វើស្រែមិនត្រូវ គ្មានស្រូវចង្រុក កូន្នើយចាំទុក
នេះមុខមេក្រ ។
មេ ១ជាធំ កំឡោះក្រមុំ ស្លៀកពាក់ចង់ល្អ
បើបានបែបខ្មៅ ថានៅបែបស
ទើបគ្រាន់អន់ក្រ
ត្រដចង់ថ្កើង ។
ក្រឡាប់នគរ រឹងរិតកើតចោរ ច្រើនឡើងច្រើនឡើង
ពាលរិតក្រអើត ចើតម៉ើតចើងម៉ើង ក្រដាសយ៉ាងស្ដើង
ចាយរហែកនៅដៃ ។
ប្រាក់ចាស់អស់ទៅ ព្រោះមនុស្សឥឡូវ ក្រឡែតក្រឡៃ
ក្រឡាស់សាសន៍សៃ
សព្វសត្វនាៗ ។
ជាតិខ្មែរប្រែខុស ស្រីក្លែងធ្វើប្រុស ប្រុសក្លែងធ្វើឈ្វា
យកប្ដីប្រពន្ធ មិនស្គាល់មីងមា បុណ្យទានការងារ
កាប់គ្នាឥតក្រែង ។
ល្ងង់រកធ្វើចេះ គោចងត្រដោកសេះ ប្រុសៗដុះស្នែង
ស្រីពាក់អាវខ្លី ប្រុសពាក់អាវវែង
សារុងហៀកែង
ធ្វើឯងអ្នកគ្រាន់ ។
កាន់ចិត្តសីហលោ សេះទិមនឹងគោ ចាក់ហ៊ោលាន់
ៗ
រកស៊ី
១ថ្ងៃ ចង់បាន
១ពាន់ បគោជល់មាន់
ចាក់កាប់ជាប់គុក ។
រីល្បែងបៀប៉ោ ច្រើនទៅជាចោរ ប្រកាសហាមទុក
ចូលកូនប្រយ័ត្ន ប្រយោជន៍ទៅមុខ ចាំជាទំនុក
ដំណកូនចៅ ។
អ្នកកុំប្រហែស រាជការនិរទេស កំចាត់ចេញទៅ
រាជការអាណិត ខំប្រិតប្រដៅ កុំលោភល្ងង់ខ្លៅ
ថោកផៅត្រកូល ។
ប្រយ័ត្នក្រែងក្រ ផ្លូវច្បាប់ល្អៗ អ្នកខំប្រមូល
ផ្លូវវៀចអាក្រក់ អ្នកកុំដើរចូល ហៅផ្លូវមិនស្រួល
លង់ផុងគំនិត ។
ដើរផ្លូវកណ្ដាល
ស្រឡាញ់ស្និទ្ធស្នាល ឈឺឆ្អាលដោយពិត
មគ្គផលសិលទាន ឈានចូលឲ្យជិត យកធម៌ជាមិត្ត
មិនឥតអំពើ ។
មនុស្សម្នាក់ច្រើនឆោត ច្រើនគេគ្មានកោត ឈឺគ្មានគេមើល
ស្លាប់ឥតគេព្រួយ គេជួយទាំងស្ទើរ មិនដែលឡើងលើ
ច្រមុះចុះក្រោម ។
កូនចៅស្រីៗ ក្រមុំសាវខ្ចី រៀនឆោតឲ្យល្មម
ប្រុសស្មើម៉ែឪ ឆូវឆប្រលោម មើលរូបមើលឆោម
កុំព្រមដោយងាយ ។
កុំខ្និចខ្នក់ខ្នាញ់ បើចិត្តស្រឡាញ់ កុំចេញនិយាយ
បើស្អប់កុំប្ដឹង បើខឹងកុំធ្លាយ កុំរោះកុំរាយ
កុំងាយធ្វើស្និទ្ធ ។
កុំដើរប្រាប់គេ កុំអាងអួតជេរ ក្រែងប្រុសឈឺចិត្ត
នៅឲ្យតែនឹង កុំរវល់ធ្វើស្និទ្ធ ប្រុសនឹកអាណិត
គិតចូលដណ្ដឹង ។
បើម៉ែឪឲ្យ មើលមុខមើលក្រោយ អាក្រក់ខ្មៅច្អឹង
ប្រកែកដោយស្ងាត់ កុំខ្លាចម្ដាយខឹង កើតកូនមកតឹង
ពីបាកចាយណាស់ ។
កុំឃ្លានចំណី កុំខ្លាចអត់ប្ដី កុំភ័យខ្លាចចាស់
មើលមុខឯងផង កុំរើសឥតខ្មាស់ ខ្លួនល្អស្រឡះ
មិនខ្វាស់គេស្ដី ។
បើបានជាខូច ទាន់ផើមនៅតូច ខែពីរខែបី
រវៀះឆ្លើយប្រញាប់ ប្រាប់គ្នាស្រីៗ កុំលាក់ធ្វើអ្វី
ក្នុងតែគេដឹង ។
មារយាបេះក្រូច មារយាទចេះតែខូច មាត់ចេះតែខឹង
គេថាត្រង់ណា ជេរហើយខំប្រឹង យកថ្មសង្កត់
។
រំលាយរំលូត អាក្រក់តែគូត អួតល្អតែមាត់
មានគេឃើញច្បាស់ ម្នះរឹងហ៊ានស្បថ ទោសនេះនឹងភ្លាត់
ធ្លាក់ទៅអវចី ។
ចោរកាចល្ងង់ខ្លៅ ប្រាជ្ញប្រាមប្រដៅ ហៅបរាជិកស្រី
មេបាកាច់គេ ស្លាប់ពីរស្លាប់បី រំលូតកូនខ្ចី
ស្មើរំលាយព្រះ ។
មានកាលមិនក្ស័យ ខ្វិនជើងខ្វិនដៃ កខ្វេះកខ្វះ
ខ្វាក់ភ្នែកអន្ធការ អនិច្ចារូបណាស់ អាក្រក់កេរ្តិ៍ខ្មាះ
តកូនតចៅ ។
អាសោចសុះសាយ សុះសព្វដល់ម្ដាយ ដល់ពូជពង្សផៅ
ស្លាប់ទៅរងទុក្ខ
នរកថានក្រៅ គេស្រោះទឹកក្ដៅ
ស្លាប់ទៅរស់ទៀត ។
ស៊ីខ្ទុះឈាមឯង ព្រះអង្គសំដែង ថាម៉ឺនសែនជាតិ
ឡើងមកជាប្រែត ហេតុកម្មមិនឃ្លាត អត់ឃ្លាតគ្មានញាតិ
ហែកកូនឯងស៊ី ។
ព្រះពុទ្ធលែងប្រោស ធម៌លែងសន្ដោស សោយទុក្ខវក់វី
ហេតុចិត្តឫស្សា
មិច្ឆាទិដ្ឋី កើតជាជ្រូកញី
គេគ្រៀវគេចាក់ ។
អសំខ័យឆ្នាំ ហេតុផលសេសកម្ម កើតជាមនុស្សខ្វាក់
មនុស្សខ្វិនទ្រែមទ្រម ជាគមជាគាក់ ខ្ទើយឆ្កួតអប្បលក្ខណ៍
ជាអ្នកឥតប្ដី ។
បើម្ដាយជួយព្រួត ជួយជាន់រំលូត រំលាយកូនខ្ចី
នរកប្រែតព្រមគ្នា មិនឃើញរស្មី ដ្បិតចិត្តតិរ្ថី
ទាំងម្ដាយទាំងកូន ។
ហេតុនេះគួរខ្លាច ធម្មតាចោរកាច មិនដែលស្ងាត់សូន្យ
អាសោចកេរ្តិ៍ឈ្មោះ ទាំងអស់បងប្អូន មេបាតាដូន
កាត់កាលលែងរាប់ ។
គួរប្រុងឥរិយា កើតទាន់សាសនា ហៅមហាមានភ័ព
ទាំងប្រុសទាំងស្រី កុំបីឲ្យធ្លាប់ គួរខំរៀនផ្គាប់
បរលោកលោកិយ៍ ។
ឯខុសនឹងគាប់ បើនឹងរៀនរាប់ រាល់រូបប្រុសស្រី
គាប់ខុសនៅចិត្ត ខុសគាប់នៅស្ដី គំរប់ជាបី
ខុសត្រូវនៅកាយ ។
កូនប្រុងប្រព្រឹត្ត
ការកេរ្តិ៍ឲ្យជិត គំនិតឲ្យឆ្ងាយ
កើតមកជាខ្មែរ កុំប្រែក្លែងក្លាយ ធម្មតាសប្បាយ
វាតែងឲ្យទុក្ខ ។
ឲ្យទាស់ទែង ទាស់តែម្នាក់ឯង ដល់ម្ដាយអាពុក
រីឯរឿងទោស មានតែពីរមុខ
មួយទៅនរក
មួយនាលោកិយ៍ ។
លោភាទោសោ កើតពីមោហា រាល់រូបប្រុសស្រី
គួរកាន់មេត្តា កតញ្ញូខន្តី នេះគឺបាឡី
ទៅកាន់បរលោក ។
ពាក្យពិតប្រដៅ ឲ្យអស់កូនចៅ ប្រព្រឹត្តរៀនយក
កូនណាមិនរៀន កូននឹងមារយាទថោក នឹងធ្លាក់ជ្រុលជ្រក
ក្នុងចតុរាបាយ ។
ធំស្រេចនូវស្លូត សុខខ្លួនរហូត ដរាបវែងឆ្ងាយ
ខន្តីអំណត់ សង្កត់ក្នុងកាយ ជាតិជន់ទាំងឡាយ
កម្រកាន់បាន ។
ចេះហើយមិនដឹង ចិត្តនៅម្នះរឹង ប្រឹងរកកម្មដ្ឋាន
រកធម៌មិនយល់ ខ្ជិលខ្វល់ឈប់ខាន បន្ទោសបូរាណ
ថាគ្មាននិស័យ ។
រីបាបនឹងបុណ្យ
មានចិត្តជាមុន មាត់ជាបច្ច័យ
នាំចុះនាំឡើង ពីជើងពីដៃ សន្សំសព្វថ្ងៃ
ឈ្មោះហៅសំណាង ។
កើតក្នុងលោកិយ៍
រាល់រូបប្រុសស្រី មានចិត្តជាអាង
កុសលសអកុសល ប្រទាញសងខាង រូបនៅតេងតាង
តែងតាមទៅតាម ។
មគ្គផលសីលទាន បើល្ងង់ឲ្យរៀន បើគ្មានឲ្យរក
យល់ល្អស្អាងស្អាត សង្វាតជ្រៀតជ្រៀក ជ្រើសរើសរៀនយក
រក្សារូបកាយ ។
នេះគឺហៅច្បាប់ ជាទីសណ្ដាប់ សន្ដានទាំងឡាយ
កូនចៅប្រុសស្រី កុំបីនឿយណាយ សង្ខេបបរិយាយ
និដ្ឋិតំចែងចប់ ។
អ្នកព្រះភីរម្យ អាចារ្យង៉ុយខ្ញុំ បង្គំម្រាម១០
លើសលោះឆ្គាំឆ្គង រំលងពុំគាប់ ពុំគួរសមសព្វ
សុះសាយសេចក្ដី ។
កាយកម្មវចីកម្ម ឈ្មោះច្បាប់បណ្ដាំ កូនចៅប្រុសស្រី
ជាបរមត្ថក្រៅ មិនហៅបាឡី បរលោកលោកិយ៍
ទាំងពីរកន្លែង ។
បើលោកឯណា ចេះចាំធម៌អាថ៌ ប្រាកដជាក់ស្ដែង
ឃើញខុសត្រង់ណា កុំថាជាល្បែង ដ្បិតពាក្យខ្ញុំតែង
ឲ្យក្មេងវាភ័យ ។
មិនមែនភភូត កុំថាខ្ញុំអួត ប្រាជ្ញាខ្ញុំវៃ
ឃើញមនុស្សវង្វេង ខ្ញុំតែងច្បាប់ថ្មី អស់អាថ៌សេចក្ដី
ឯវំចប់ហោង ។
No comments:
Post a Comment