Wednesday, May 9, 2012

ប្រវត្តិនៃការកកើតអប្សារា

កំណើតអប្សារា
កំណើតអប្សរាមានដំណាលមកពីរឿងកូរសមុទ្រទឹកដោះ នៅក្នុងសមុទ្រទឹកដោះមានទឹកអម្រឹតនិងវត្ថុទិព្វច្រើនរកនឹងគណនាពុំអស់។ ដោយចង់ឃើញនូវវត្ថុទិព្វទាំងនោះ និងចង់បាននូវជីវិតអមតៈ ពពួកទេព្តា និងពពួកយក្ស សហការគ្នាកូរសមុទ្រទឹកដោះដោយសន្យាគ្នាថា បើទឹកអម្រឹតលេចឡើងចំមុខពពួកទេព្តានោះទឹកអម្រឹតបានទៅពពួកទេព្តា បើទឹកអម្រឹតលេចឡើងចំមុខពពួកយក្សនោះទឹកអម្រឹតបានទៅពពួកយក្ស។ បន្ទាប់ពីសន្យាគ្នាម៉ឹងម៉ាតដូច្នេះហើយ ភាគីទាំងពីរក៏ចាប់ផ្តើមមហាបេសកកម្មរបស់ខ្លួនដោយមាននាគឈ្មោះវាសុកី ធ្វើជាខ្សែសម្រាប់ទាញកូរមហាសមុទ្រទឹកដោះ និងយកភ្នំ មុន្ទរៈ ដែលនៅចំកណ្តាលសមុទ្រទឹកដោះធ្វើជាប្រដាប់បង្វិលកូរ។ ការកូរប្រព្រឹត្តទៅអស់រយៈពេលជាងមួយពាន់ឆ្នាំទិព្វនៅទេវលោក។ វត្ថុទិព្វដែលកើតចេញពីការកូរសមុទ្រទឹកដោះរួមមានៈ 
. ផ្កា បណ្ណជាតិៈ ថ្វាយទៅព្រះព្រហ្មយកទៅដាំនៅព្រហ្មលោកទាំងដប់ប្រាំមួយជាន់
 . ដំរីក្បាលបីឈ្មោះ ព្ធរាវ័ណៈ ថ្វាយទៅព្រះឥន្ទ្រធ្វើជាយានជំនិះ
  . ព្រះនាង ស្រីលក្ស្មីៈ ថ្វាយទៅព្រះវិស្ណុធ្វើជាអគ្គមហេសី
  . សេះសឈ្មោះ ឧច្ច័យស្វរៈ មិនថ្វាយឲ្យអាទិទេពអង្គណាទេ រក្សាទុកជានិមិត្តរូបគោរពប្រតិបត្តិសីលប្រាំសម្រាប់ឋានទាំងបី គឺឋានទេវលោក ឋានមនុស្សលោក និងឋានបាតាលលោក។
  . ទឹកអម្រឹតៈ ជាវត្ថុសក្តិសិទ្ធិធ្វើឲ្យមានអាយុវែងឥតដែនកំណត់
  . អប្សរាៈ អប្សររាប់សិបអង្គលេចចេញឡើងអណ្តែតពាសពេញលំហអាកាសរេរាំរបាំសួគ៌ បន្ទាប់ពីវត្ថុសក្តិសិទ្ធិទីប្រាំគឺទឹកអម្រឹតបានធ្លាក់ទៅក្នុងដៃពួកយក្ស។ ប្រមុខអប្សរធ្វើសញ្ញាឲ្យបរិវារ រាំរបាំងទេពពង្វក់ចិត្តពួកយក្សឲ្យភ្លឹកភ្លេចផឹកទឹកអម្រឹត។ រសរបាំទាក់ទាញពួកអសុរៈឲ្យស្រើបស្រាល ស្លុតស្លុងអារម្មណ៍ទៅតាមក្បាច់រាំ។ ឃើញឱកាសល្អ ព្រះវិស្ណុក៏កាឡាខ្លួនជាព្រះពាយឆក់យកទឹកអម្រឹតឲ្យពួកទេវតា
ផឹកទាំងអស់ដើម្បីឲ្យមានជីវិតអមតៈ។ ពេលបេសកកម្មកូរសមុទ្រទឹកដោះបានចប់សព្វគ្រប់ហើយ ពួកស្រីទេពអប្សរទាំងអស់បានក្លាយទៅជាស្រីរបាំសួគ៌រាំថ្វាយព្រះឥន្ទ្រតាំងតែតពីនោះមក។
  របាំរបស់ពពួកស្រីទេពអប្សរនោះ សន្មត់ហៅថា របាំអប្សរា។ របាំអប្សរារាំលើកទីមួយនៅឋានសមុទ្រទឹកដោះហៅថា របាំទឹកអម្រឹត។ ពេលរេរាំពពួកទេពអប្សរតែងកាន់ផ្កាបណ្ណជាតិជានិច្ច ដែលតំណាងឲ្យទេវលោក សុភមង្គល និងភាពរុងរឿងរបស់សត្តនិករគ្រប់ឋាន។
  ដកស្រងពីsalarean.com

No comments:

Post a Comment