អត្ថបទផ្នែកទំនៀមទម្លាប់
ចូលឆ្នាំថ្មី
អ្នកស្រី ពេជ្រ -
សល់
រៀបរៀង
ខ្មែរនិយមចូលឆ្នាំថ្មីនៅក្នុងខែចេត្រ
ដែលជាខែទី ៥ នៃប្រក្រតិទិនខ្មែរ ប៉ុន្តែគេនៅតែរាប់ខែមិគសិរ ជាខែទី ១
ដរាប ។ ការកំណត់ថ្ងៃ - ខែ ចូលឆ្នាំថ្មីនេះ កាលដើមឡើយ
វោរាណបណ្ឌិតអ្នកប្រទេសទាំងឡាយក្នុងជម្ពូទ្វីប លោកកំណត់យកខៃមិគសិរជាដើមឆ្នាំ
ដោយហេតុក្នុងសម័យព្រេងនាយ លោកប្រើរដូវ ៣ តាមចន្ទគតិ ដោយច្រើនគឺ :
-
ហេមន្តរដូវ (រដូវត្រជាក់)
-
គិម្ហរដូវ (រដូវក្ដៅ)
-
វស្សានរដូវ (រដូវភ្លៀង)
រដូវត្រជាក់
ឬ ហេមន្តរដូវ លោកទុកជារដូវដើមឆ្នាំ ប្រៀបដូចជាវេលាព្រឹក
ចាត់ទុកជាដើមថ្ងៃ ដែលមានអាកាសធាតុត្រជាក់
គួរជាទីពេញចិត្តនៃមនុស្សសត្វទួទៅ ។
រដូវក្ដៅ
លោកទុកជារដូវកណ្ដាលឆ្នាំ ប្រៀបដូចជាវេលាថ្ងៃត្រង់
ដែលព្រះអាទិត្យបញ្ចេញចំហាយយ៉ាងខ្លាំង ។
រដូវភ្លៀងផ្គរ
ប្រកបដោយអាកាសងងឹតអួរអាប់ លោកទុកជាវេលាចុងថ្ងៃ
ប្រៀបដូចជាវេលាទៀបចូលរាត្រី ។
អាស្រ័យហេតុនេះ
ទើបចាស់ព្រឹទ្ធាចារ្យ លោកកំណត់យកខែមិគសិរ ជាខែចូលឆ្នាំ ។
ឯការកំណត់ចូលឆ្នាំ
ក្នុងខែមិគសិរនោះ មកអំពីជំនាន់ដើម គឺពីត្រឹមស័យក្រុងនគរធំឡើងទៅ
ប្រទេសកម្ពុជាយើង រាប់អានប្រើចន្ទគតិជាសំខាន់ ។
ប៉ុន្តែអ្នកប្រាជ្ញជាន់មុន បានធ្វើសេចក្ដីកត់សំគាល់ថា ចន្ទគតិ
គឺដំណើរនៃព្រះចន្ទនោះ គឺកំណត់តាមហោរាសាស្ត្រ
ដែលព្រះចន្ទត្រូវដើរមួយជុំពិភពលោកម្ដង ។ ដើម្បីធ្វើដំណើរឲ្យបាន ១ ជុំ
ពិភពលោកនេះ ព្រះចន្ទត្រូវចំណាយពេលអស់ ២៩ ថ្ងៃកន្លះជាងបន្តិច ដែលហៅថា ១
ខែ ហើយ ១២ ខែ បានជា ១ ឆ្នាំ ។
ប៉ុន្តែប្រសិនបើយើងនិយមប្រើតាមចន្ទគតិតែម្យ៉ាង
លុះច្រើនពាន់ឆ្នាំទៅខាងមុខ យើងនឹងឃើញថា រដូវតាមចន្ទគតិ
នឹងមិនទៀងទាត់តាមធម្មតាឡើយ គឺថារដូវរងារនឹងក្លាយទៅជារដូវក្ដៅ ៗ
ក្លាយទៅជារដូវភ្លៀង ព្រោះគោលនៃរដូវទាំងឡាយ ដែលជាគ្រឿងសំគាល់ធម្មជាតិ
ដូចជា រដូវឈើផ្កា - ផ្លែ ភ្លៀង ខ្យល់ ជាដើម
សុទ្ធតែត្រូវតាមសុរិយគតិទាំងអស់ ។
ដើម្បីចៀសវាងនៃការប្រែប្រួលដូចនេះហើយ ទើបនៅពេលដែលមនុស្សយើងមានសេចក្ដីចេះដឹងវិសេសឡើង
ក៏គិតប្រើរដូវតាមសុរិយគតិ អែបជាមួយនឹងចន្ទគតិផង
នឹងប្រើសុរិយគតិសុទ្ធតែម្យ៉ាងក៏ពុំបាន ព្រោះក្នុងគោតមពុទ្ធកាលនេះ
មានពិធីកិច្ចផ្សេង ៗ ក្នុងសាសនាច្រើនណាស់ ដែលទាក់ទងនឹងចន្ទគតិ
ទើបគេនិយមប្រើអែបគ្នាយ៉ាងនេះ
ហើយបើកាលណាព្រះចន្ទនិងព្រះអាទិត្យដើរឃ្លាតឆ្ងាយអំពីគ្នា
ល្មមរាប់បាន ១ ខែហើយ ទើបគេគិតលើកអធិកមាសម្ដង ដើម្បីឲ្យទាន់គ្នាវិញ
(តាមទម្លាប់ ៤ ឆ្នាំ មានអធិកមាសម្ដង) ។
ទើបតែជាខាងក្រោយ
គឺក្រោយពីពេលដែលផ្ដើមប្រើចុល្លសករាជមកនេះទេ
ដែលខ្មែរយើងត្រឡប់ប្រើសុរិយគតិជាសំខាន់
ហើយកំណត់ចូលឆ្នាំក្នុងខែចេត្រ ដែលជាខែទី ៥
ជាប់រហូតមកដល់សព្វថ្ងៃនេះ ។
ប៉ុន្តែទោះជាមានលើកអធិកមាសឲ្យទាន់គ្នាយ៉ាងនេះក៏ដោយ
ក៏ថ្ងៃចូលឆ្នាំខ្មែរ នៅតែពុំបានទៀងទាត់ដូចខាងអឺរុបដែរ
ព្រោះជួនត្រូវខាងខ្នើត ជួនត្រូវខាងរនោច គ្រាន់តែមានកំណត់ទុកថា
សង្ក្រាន្តនឹងមានក្នុងរវាង ១ ខែគឺ ក្នុងរវាងពីថ្ងៃ ៤ កើតខែចេត្រ
ទៅថ្ងៃ៤ កើតខែពិសាខប៉ុណ្ណោះ។ ដូច្នេះ ទើបយើងបានសំគាល់ថា នៅឆ្នាំខ្លះ
ការកំណត់ពេលចូលឆ្នាំ ត្រូវធ្លាក់ទៅដល់ទៅខែពិសាខក៏មាន [1]
។
តាមសេចក្ដីអធិប្បាយដូចខាងលើនោះ
ឃើញថា ការដែលយើងធ្លាប់បានឮចាស់ទុំ លោកនិយាយថា ខ្មែរយើងសម័យបុរាណ
គេនាំគ្នាធ្វើបុណ្យក្ដី លេងល្បែងក្ដី អស់ពេលពេញ ១ ខែចេត្រនោះ
ជាការពិតណាស់ ព្រោះរយៈពេល ១ ខែចេត្រនេះ គេទុកជារដូវចូលឆ្នាំទាំងមូល
មិនកំណត់យកតែថ្ងៃណាមួយ ដូចសព្វថ្ងៃនេះទេ ។
ក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ
នៅតំបន់ខ្លះ ដូចជាជាំខ្សាន ប៉ៃលិនជាដើម មានទំនៀមមួយប្លែកអំពីតំបន់ឯទៀត
ដែលគេតែងប្រារព្ធលេង នៅពេលចូលឆ្នាំខ្មែរ
ក្រៅអំពីទំនៀមធ្វើបុណ្យជាកុសលចំពោះព្រះសង្ឃ ។
តាមសេចក្ដីរាយកាណ៍របស់លោក
មាស – ហាំ និងលោក ប៊ុន ប៉ូរ
ដែលធ្លាប់បានធ្វើរាជការនៅតំបន់ជាំខ្សាននេះថា : ១៥ ថ្ងៃជាខាងក្រោយ គឺតអំពីថ្ងៃចូលឆ្នាំទៅ
អ្នកស្រុកទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ នាំគ្នាយកទឹកអប់
ផ្កាភ្ញី ទៅកាន់ទីវត្តអារាម
ដើម្បីទៅធ្វើពិធីស្រង់ជម្រះព្រះពុទ្ធរូបនៅក្នុងព្រះវិហារ
ដែលធូលីកាន់អស់ពេល ១ ឆ្នាំទៅហើយនោះ នឹងដើម្បីសុំសេចក្ដីសុខសប្បាយអំពីកិច្ចនោះផង
។
ពេលត្រឡប់មកផ្ទះវិញ
ពួកកំឡោះនាំគ្នាតាមស្រោចទឹកក្រមុំ គឺគេលេងចាក់ទឹកលើគ្នាទៅវិញទៅមក
ឥតប្រកាន់ថាស្រី ថាប្រុសឡើយ ។ ល្បែងស្រោចទឹកដែលអ្នកស្រុក
ក្នុងតំបន់ជាំក្សាន ទាំងប្រុសទាំងស្រីលេងនោះ ហាក់ដូចជាសប្បាយណាស់ ។
នៅពេលដែលគេនិយមលេងនោះ ពួកកំឡោះនាំគ្នារែកទឹកនឹងគ្រុះ
សំដៅទៅផ្ទះណាដែលមានកូនក្រមុំ បានដល់ហើយ ដណ្ដឹងសួរឪពុកម្ដាយគេថា
"លោកពូ . អ៊ំ នាងឈ្មោះ ..... (ឧ. ឈ្មោះនាងសាគំ) ទៅណាហើយ ?” ជួនកាលឪពុកម្ដាយនាងក្រមុំនោះ
កុហកថា "មិននៅទេ ទៅលេងឯនោះហើយ"
តែទោះជាឮគេឆ្លើយយ៉ាងនេះក៏ដោយ
ក៏ពួកកំឡោះនោះនាំគ្នាឡើងទៅរើរកទាល់តែឃើញ ហើយនាំគ្នាយកទឹកជះ
ទោះជាទឹកខ្ទាតទៅទទឹកអឺវ៉ាន់ ឬមនុស្សដទៃទៀត ក៏ឥតគិតឡើយ ។
ជួនកាលពួកកំឡោះដែលរែកទឹក ដើរទៅរកស្រោចគេនោះ
ប្រទះនឹងក្រមុំដែលមានកិច្ចការ កំពុងធ្វើដំណើរតាមផ្លូវ
ក៏ជះទឹកទៅលើទាល់តែទទឹកអស់ តែគេឥតមានប្រកាន់ខឹងអ្វីឡើយ ។
រឿងល្បែងបែបនេះ
មិនមែនមានតែស្រី ៗ ទេ ដែលទទួលអភ័ព្វ, គឺពួកស្រី ៗ
ក៏គេចេះដែរ គេនាំគ្នារង់ចាំមើល ឲ្យតែពួកកំឡោះបែកហ្វូង
ឬដើរគ្នាតិចហើយស្លៀកពាក់ល្អ ៗ គេនាំគ្នាព្រួតចាំផ្ដួល
ដងទឹកចាក់ចូលច្រមុះ ចូលត្រចៀក ទាល់តែសំពះអង្វរសុំចាញ់ ទើបគេឈប់ ។
ល្បែងចាក់ទឹកនេះ មិនមែនលេងត្រឹមតែអ្នកធ្លាប់ស្គាល់គ្នាប៉ុណ្ណោះទេ
សូម្បីអ្នកមិនធ្លាប់ស្គាល់ ក៏លេងបាន ឲ្យតែចូលទៅដល់ក្នុងស្រុកគេ ។
តាមសេចក្ដីរាយការណ៍
របស់លោក ហង – សំហឿងថា បុណ្យចូលឆ្នាំថ្មីនៅប៉ៃលិន
ក៏សប្បាយណាស់ដែរ, សប្បាយទាំងរូបលោក ទាំងភ្ញៀវទេសចរពីក្រៅទាំងឡាយ
ដោយគេលេងចាក់ទឹកគ្នា ដូចជានៅឯជាំខ្សានដែរ ។
កាលដើមឡើយ
នៅផ្ទះកូឡានីមួយ ៗ គេតែងរៀបទឹកអប់ និងគ្រឿងក្រអូបផ្សេង ៗ
សម្រាប់បុណ្យចូលឆ្នាំ កាលបើមានភ្ញៀវចូលទៅ
អ្នកផ្ទះយកគ្រឿងក្រអូបនោះទៅប្រោះព្រំលើខ្លួនភ្ញៀវ
ប្រសិទ្ធិពរឲ្យមានជោគជ័យ សេចក្ដីសុខ សេចក្ដីចំរើនគ្រប់ប្រការ តែលុះដល់ក្រោយមក
ទំនៀមនេះ ក៏ក្លាយទៅជាទំនៀមបាចទឹកដាក់គ្នាទៅវិញ គឺនៅមុខផ្ទះម្នាក់ ៗ
សុទ្ធតែមានផ្តិល ឬធុងទឹក ឲ្យតែអ្នកណាដើរកាត់មុខផ្ទះគេ មិនថា ស្រី -
ប្រុស ឬកូនលោកណាទេ ទោះជាអ្នកណាក៏ដោយ បើស្លៀកពាក់ល្អ ៗ ផង គេរឹតតែចូលចិត្តលេងណាស់ទៅទៀត
កំឡោះដេញសាចទឹកលើក្រមុំ ក្រមុំដេញសាចទឹកលើកំឡោះ
បើក្រមុំណារត់ចូលផ្ទះ គេដេញសាចទឹកទាល់តែដល់ផ្ទះ សាចទឹកលើបានហើយ
ទើបឈប់ ។ ពុំឃើញមានលេងល្បែងអ្វីក្រៅពីល្បែងនេះទេ ។
ចាស់ទុំនិងក្មេងខ្លះ
នាំគ្នាឡើងទៅលើភ្នំយ៉ាត ដើម្បីជម្រុះចិត្តអកុសលចោល
ហើយតម្រង់ចិត្តឲ្យបានល្អក្នុងឆ្នាំថ្មីតទៅ អ្នកខ្លះទៀត
គេដើរទៅសំពះចាស់ទុំ ដើម្បីសុះពរឲ្យបានសេចក្ដីសុខ សេចក្ដីចំរើន
និងប្រកបការងារឲ្យបានសម្រេចគ្រប់ប្រការ ។
នៅថ្ងៃបង្ហើយបុណ្យចូលឆ្នាំ
គេនាំគ្នាទៅកាន់ទីវត្តទាំងប្រុសទាំងស្រី
មានទាំងទឹកអប់ជាប់គ្រប់ដៃទៅផង
ដើម្បីទៅធ្វើពិធីស្រង់ព្រះដូចនៅខេត្តនានាដែរ ។ នៅពេលនោះ
គេលេងចាក់ទឹកធំណាស់ គេស្រង់ទាំងព្រះពុទ្ធរូប ទាំងចាក់ស្រោចគ្នាទៅវិញទៅមក
ទាល់តែទទឹកស្រឡាបគ្រប់គ្នាគ្មានសល់ ទៅជាប្រឡូកប៉ូកប៉ាកពេញទាំងវត្ត ។
ឮគេនិយាយថា មានស្រី ៗ ខ្លះ លាយទឹកល័ក្តបន្លំ ដើម្បីចាក់លើប្រុស ៗ
ដែលមានសំលៀកបំពាក់សផង
ហើយនាំគ្នាហ៊ោកញ្ជៀវទ្រហឹងអឺងអាប់គួរសប្បាយពេកណាស់ ។
No comments:
Post a Comment