Monday, July 1, 2019

ខេត្តសៀមរាបនឹងមានកន្ត្រកវិលមានកំពស់ខ្ពស់ជាងគេលំដាប់ទី៣ក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្រុមហ៊ុនអង្គរអាយខេមភេនីលីមិតធីត(Angkor Eye Company Limited)បាននាំចូលកន្ត្រកវិលពីប្រទេសជប៉ុនដែលមានកំពស់៨៥ម៉ែត្រមាន៤៨កន្ត្រកនិងអាចផ្ទុកមនុស្សបាន
១៩២នាក់ក្នុងពេលតែមួយដែលគម្រោងនេះមានទីតាំងនៅខាងកើតភូមិវប្បធម៌កម្ពុជាខេត្តសៀមរាប​ និងបានចាប់បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ ក្រោមអធិបតីភាព
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
លោកម៉េងហៀងអគ្គនាយកក្រុមហ៊ុនអង្គរអាយបានឱ្យដឹងថា៖គម្រោងនេះត្រូវតំឡើងនិងសាងសង់ដោយប្រើរយៈពេល៦ខែ គ្រោងប្រើប្រាស់ថវិកាសរុបចំនួន៧,២លានដុល្លារអាមេរិក។កម្ពុជាជាប្រទេសទី១ដែលបាន
នាំចូលកន្ត្រកវិលពីប្រទេសជប៉ុននិងមានកម្ពស់ខ្ពស់ជាងគេក្នុងទីផ្សារធំទី៣នៅអាស៊ីអាគ្នេយ៍។មូលហេតុដែលក្រុមហ៊ុនសម្រេចយកទីតាំងនៅខេត្តសៀមរាបសម្រាប់ការវិនិយោគនេះ អាស្រ័យដោយខេត្តសៀមរាបសម្បូរទៅដោយប្រាង្គប្រាសាទនិងជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍
ប្រកបដោយភាពទាក់ទាញបំផុតហើយនាពេលខាងមុខជាបន្តបន្ទាប់ក្រុមហ៊ុននឹងសហការជាមួយមន្ទីរទេសចរណ៍ខេត្តនិងបណ្តាសហគមន៍ទេសចរណ៍
នានាដើម្បីចូលរួមផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍ផងដែរ។
លោក ថាកិយូសិ សិណុមីយា(Taheyoshi Shinomiya) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អង្គរ អាយខមភេនីលីមីធីតមានប្រសាសន៍ថា៖កន្ត្រកវិលអង្គរអាយនឹងក្លាយជាគំរោងទី១៤របស់ក្រុមហ៊ុន
 CQ Amenic Co ខណៈដែលក្រុមហ៊ុននេះ មានកន្ត្រកវិលចំនួន១៣កន្លែងនៅក្នុងពិភពលោក  ហើយយើងក៍ធ្លាប់បានធ្វើការវិនិយោគលើកដំបូងនៅកម្ពុជា សួនទឹកនៅផ្សារទំនើបអ៊ី អនផងដែរ។
លោកថា៖កន្ត្រកវិលពីប្រទេសជប៉ុននេះមានលក្ខណៈពិសេសប្លែកដែលបានផលិតនិងបង្កើតឡើង
ជាមួយរូបសណ្ឋានលម្អិតដ៍កម្រក្នុងចំណោមកន្ត្រកវិលទាំ១៤០ក្នុងប្រទេសជប៉ុន។ថ្លែងសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមទៀសីហាអភិបាលខេត្តបានមានប្រសាសន៍កោតសរសើរនិងថ្លែងអំណរគុណ ចំពោះ វិនិយោគិនជាតិ និងអន្តរជាតិដែលជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយបានមកបណ្តាក់ទុននៅកម្ពុជា ក៏ដូចជានៅក្នុងខេត្តសៀមរាប ហើយជាសក្ខីភាព នាថ្ងៃនេះយើងបាននិងកំពុងធ្វើពិធីសម្ពោធបើកការដ្ឋានសាងសង់មណ្ឌលកម្សាន្តកន្រ្តកវិលលំដាប់
ពិភពលោក ដែលត្រូវចំណាយថវិកាជាង ៧លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងកម្ពុជា-ជប៉ុន។ឯកឧត្តមមានប្រសាសន៍ថា៖ការវិនិយោគនេះដែរមិនត្រឹមតែធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ
និងអន្តរជាតិដែលចូលមកទស្សនាខេត្តសៀមរាបស្នាក់នៅបានកាន់តែយូរថែមទៀតប៉ុណ្ណោះទេ
តែបានស្រូបយកកម្លាំងពលកម្មពីការវិនិយោគ នេះបានមួយចំនួនធំផងដែរ ដែលពិតជា
បានរួមចំណែកដល់ការជម្រុញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តកាន់
តែប្រសើរឡើងមួយកម្រិតថែមទៀត។ឯកឧត្តម សម្តែងក្តីជឿជាក់និងរំពឹងថា៖តាមរយៈ
នៃការមក វិនិយោគរបស់ក្រុមហ៊ុនអង្គរ អាយ ខមភេនី លីមីធីត អាជ្ញាធរខេត្តសង្ឃឹមថា ក្រុមហ៊ុន នឹងបន្តបង្កើននូវការវិនិយោគបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប លើវិស័យ ផ្សេងៗទៀត ដើម្បីចូលរួមដល់កិច្ចអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា
ខេត្តសៀមរាប និងបានរួមចំណែកដល់ការផ្សព្វផ្សាយអំពីវប្បធម៌ អារិយ្យធម៌ខ្មែរទៅកាន់
ភ្ញៀវទេសចរនៅទូទាំងពិភពលោក ឱ្យចូលមកទស្សនាខេត្តសៀមរាប កាន់តែច្រើនឡើង។ សកម្មភាពទាំងនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតផលទេសចរណ៍ ដែលមិនអាចខ្វះបាន។




No comments:

Post a Comment