Sunday, May 19, 2019

តើព្រះសង្ឃអាចធ្វើទានបានទេ?


ព្រះសង្ឃនិងគ្រហស្ថដាក់បាត្រនិងវេរភត្តា
ហារប្រគេនព្រះសង្ឃឆ្លងបុណ្យ
ពិសាខបូជានៅជនបទ
នៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៩ ព្រះតេជគុណ អប្បមាទោ ពៅ ផល្លី ព្រះចៅអធិការវត្ត
ឈូកក្រសាលរស្មីមានជ័យ និង ឧត្តមសេនីយទោ ខេង រ៉ា មេបញ្ជាការរង
នគរបាលជាតិប្រចាំភូមិភាគទី៤  និងភរិយា ព្រមទាំងបុត្រធីតា រួមទាំងក្រុមគ្រួសារ
ញាតិមិត្តបងប្អូន ក្នុងក្រុងសៀមរាប បានសហការរៀបចំដាក់បាត្រនិងវេរភត្ត
ប្រគេនដល់ព្រះសង្ឃចំនួន៦៥អង្គ និមន្តមក
ពី៤វត្តក្នុងស្រុកប្រាសាទបាគងនិងស្រុក
សូទ្រនិគមន៍ ដែលមានទីតាំងស្ថិតនៅជិត
វត្តឈូកក្រសាលរស្មីមានជ័យ ក្នុងឃុំខ្នារពោធិ
ស្រុកសូទ្រនិគមន៍ខេត្តសៀមរាប។
ព្រះតេជគុណ អប្បមាទោ ពៅ ផល្លី ព្រះចៅអធិការវត្តឈូកក្រសាលរស្មីមានជ័យ មានថេរដិកាថា៖ថ្វីត្បិតតែព្រះសង្ឃរស់ដោយបាយបាត្រ និង ទទួលការឧបត្ថម្ភទំនុកបំរុងពីទាយក ទាយិកា ពីគ្រប់មជ្ឈដ្ឋានក្តី តែ ព្រះសង្ឃក៍អាចធ្វើនិងចែករំលែកទានប្រគេននិងជូនដល់ភិក្ខុសង្ឃ
ផងគ្នានិងគ្រហារវាសឬបថុជ្ជន ដែលជួបការលំបាកខ្វះខាត ទៅតាមលទ្ឋភាព ផងដែរ ដើម្បីបំពេញបុណ្យដល់បុគ្គលខ្លួនឯងផងនិងចែករំលែកអាហារភោជនទៅដល់ញាតិញោមដូចជាគ្រហស្ថដែរ។ព្រះអង្គថា៖ការដាក់បាត្រនិងប្រគេនបច្ច័យដល់ភិក្ខុសង្ឃផងគ្នា នាឱកាសនេះគឺដើម្បីញ៉ាំង
កម្មវិធីបុណ្យពិសាខបូជានៅទីអារាមមួយនេះឱ្យកាន់តែអធិកអធម និងបង្កើនភាពស្និទ្ឋស្នាលរវាង
ព្រះសង្ឃនិងព្រះសង្ឃក៍ដូចជាពុទ្ឋបរិស័ទជិតឆ្ងាយឱ្យកាន់តែស្អិតរមួតថែមទៀត ដើម្បីរួមគ្នា
ទ្រទ្រង់វិស័យព្រះពុទ្ឋសាសនាឱ្យរីកចំរើននិងស្ថិតស្ថេរជានិរន្តរ៍។
       ឧត្តមសេនីយ៍ទោ ខេង រ៉ា មេបញ្ជាការរងនគរបាលជាតិប្រចាំភូមិភាគទី៤ បានមាន
ប្រសាសន៍ថា៖ក្នុងនាមជាពុទ្ឋបរិស័ទ និងដោយគោរពស្រឡាញ់និងជឿជាក់លើព្រះពុទ្ឋសាសនា​ លោកតែងតែប្រកាន់ខ្ជាប់នូវប្រពៃណី ទំនៀមទំលាប់ និងបានចូលរួមធ្វើបុណ្យទានទៅ
តាមលំអានព្រះពុទ្ឋសាសនាមិនគិតថាឆ្ងាយឬជិតឡើយ គឺធ្វើទៅតាមលទ្ឋភាពនិងធនធាន
ដែលអាចធ្វើបាន។ឧត្តមសេនីយទោ ខេង រ៉ា បញ្ជាក់ថា៖កម្ពុជាក្រោមកិច្ចដឹកនាំរបស់សម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បាននាំមកនូវសុខសន្តិភាព  និងមានការអភិវឌ្ឍន៍ រីកចម្រើនលើ
គ្រប់វិស័យ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរជិតឆ្ងាយ
ទៅធ្វើបុណ្យទានផ្សេងៗ ដោយពុំមានការភ័យខ្លាចខុសប្លែកកាលពីជាង២០ឆ្នាំមុន មូលដ្ឋាននៅ ឆ្ងាយពីក្រុងឬទីប្រជុំជនគឺសុទ្ឋតែជាសមរភូមិប្រយុទ្ឋ។លោកបានបញ្ជាក់ដែរថា៖ វិស័យពីរ
នៅកម្ពុជាបានដើរទន្ទឹមគ្នា គឺវិស័យពុទ្ឋចក្រនិងអាណាចក្រ។វិស័យទាំងពីរនេះ​ មិនអាចខ្វះមួយណាបានឡើយ ព្រោះថាពុទ្ធចក្រ ក៍បានរួមចំណែក បាននាំមកនូវសន្តិភាព និង ការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ពិសេសវិស័យអប់រំវប្បធម៌តាមរយៈវត្តអារាមដែលជាទីតាំង
សម្រាប់ពឹងពំនាក់នៃជនគ្រប់រូបដែលត្រូវការ ជាកន្លែងសម្រាប់ជ្រកកោនរបស់ជនក្រី
ក្រកុមារកំព្រានិងសិស្សឥតទីពឹងជាជម្រកសុខសាន្តរបស់ពពួកសត្វ ជាទីកន្លែងកប់ចោល
នូវការទាស់ទែងគ្នាជាកន្លែងដែលមនុស្សទាំងអស់មានភាពស្មើគ្នាជាកន្លែងការពារសិទ្ឋ ជាមណ្ឌលវប្បធម៌ជាបណ្ណាល័យ ជាកន្លែងបង្កើតស្នាដៃនិពន្ឋរបស់ប្រជាជន។






No comments:

Post a Comment